លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារ ទី1 ខែកក្កដាថា អ៊ីស្រាអែល បានយល់ព្រម "ចំពោះលក្ខខណ្ឌចាំបាច់ដើម្បីឆ្ពោះទៅរក" បទឈប់បាញ់រយៈពេល 60 ថ្ងៃនៅក្នុងតំបន់ហ្គាហ្សា ហើយក្នុងអំឡុងពេលនោះ យើងនឹងធ្វើការជាមួយភាគីទាំងអស់ដើម្បីបញ្ចប់សង្រ្គាមមួយនេះ"។ លោកប្រធានាធិបតី ត្រាំ បានបន្តថា "ប្រទេសកាតា និងអេហ្ស៊ីប ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយសម្របសម្រួល និងនាំសន្តិភាពមកកាន់តំបន់ នឹងដើរតួរជាអ្នកសម្របសម្រួលនៅសំណើចុងក្រោយនេះ ហើយខ្ញុំសង្ឃឹមថា សម្រាប់សន្តិភាពនៃតំបន់មជ្ឈិមបូព៌ា ក្រុមហាម៉ាស់ ត្រូវតែទទួលយកកិច្ចព្រមព្រៀងនេះ បើមិនដូច្នេះទេ ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ"។