ភ្នំពេញ៖
បុរសម្នាក់បើករថយន្តក្រុងទេសចរណ៍ បត់ឆ្លងផ្លូវ មិនបានប្រយ័ត្នជ្រុលទៅបុក ម៉ូតូមួយគ្រឿង បណ្ដាលឲ្យដួលរងការខូចខាត សំណាងល្អ ម្ចាស់ម៉ូតូលោតចេញទាន់ ភ្លាមនោះ អ្នកបើករថយន្តមិនព្រមឈប់ទេ បានបន្ថែមល្បឿនបើករត់គេច តែត្រូវឃាត់បានមកវិញ បង្កឲ្យមានភ្ញាក់ផ្អើលនៅវេលាម៉ោង ១០យប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក រថយន្តក្រុងទេសចរណ៍ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-5887 ធ្វើដំណើរ តាមបណ្ដោយផ្លូវ ៥៩២ ក្នុងទិសដៅពីលិចទៅកើត ។
លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងទៅផ្លូវ ៣១៣ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ជី អណូ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2978 បណ្ដាលឲ្យដួល រងការខូចខាត សំណាងល្អមែនទែន ម្ចាស់ម៉ូតូបានលោត ចេញទាន់ពេល ។
ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿនបើករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋដេញស្ទាក់ ឃាត់បានប្រគល់ជូនសមត្ថកិច្ច ឲ្យនាំមកកន្លែងកើត ហេតុវិញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសម្របសម្រួល ភាគីទាំងពីរ ដោយអ្នកបើកបររថយន្តបង្ក ដឹងកំហុស ក៏បានសុំទោសទៅភាគីខាងម៉ូតូ និងបានសងសំណងចំនួន ១០០$ ទុកជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿង៕








