អ្នកនាំពាក្យក្រសួងការបរទេសប្រទេសកាតា លោក អាល់ អាន់សារី (Al Ansari) បាននិយាយថា កិច្ចចរចាដោយប្រយោលរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងបន្តនៅទីក្រុង ដូហា ដោយគ្មានពេលវេលាកំណត់សម្រាប់ការបិទបញ្ចប់។ លោក អាល់ អានសារី បានបន្តថា នៅពេលដែលភាគីពាក់ព័ន្ធឈានដល់ការឯកភាពគ្នាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងនោះ ការចរចានឹងឈានចូលដល់ដំណាក់កាលទីពីរ ដោយមានគោលដៅឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ហើយបន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នត្រូវបានសម្រេច ការចរចានឹងឈានទៅដំណាក់កាលទីបី ដែលភាគីទាំងពីរ នឹងចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា។ ជុំថ្មីនៃកិច្ចចរចាដោយប្រយោលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានបន្តឡើងវិញកាលពីថ្ងៃទី 6 ខែកក្កដា នៅទីក្រុងដូហា ស្របពេលមានកិច្ចខិតខំប្រឹងប្រែងជំរុញជាអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាម ដែលបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាអស់រយៈពេលជាង 21 ខែ។ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលាឆ្នាំ 2023 មក ជនជាតិប៉ាឡេស្ទីនប្រមាណ 59.000 នាក់ហើយបានស្លាប់ និងជិត 14 ម៉ឺននាក់ទៀតរងរបួស។



