កណ្តាល ៖
ក្រោយសមត្ថកិច្ចស្រុកស្អាង បើកប្រតិបត្តិការស្រាវជ្រាវទាំងយប់ទាំងថ្ងៃចំនួន០៩ថ្ងៃ ទីបំផុត ក្រុមជនសង្ស័យ លួចមានស្ថានទម្ងន់ទោស «ចងខ្សែលួសកាត់ផ្លូវប្លន់យកម៉ូតូ » និង កាន់កាប់អាវុធខុសច្បាប់ (ដាវ) ចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងចំណោមបក្ខពួក ០៥នាក់ ដែលបានកើតហេតុកាលពីវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល និងឃាត់ខ្លួនបានចំនួន០៤នាក់ កាលពីវេលាម៉ោង ២១និង៤០នាទីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ។
លោកវរៈសេនីយីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា÷ជនរងគ្រោះ មានឈ្មោះ ឌឿន គឹមសែ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តោល បាត់បង់ម៉ូតូចំនួន០១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2AG-4220។ ចំនែកក្រុមជនសង្ស័យមានគ្នីគ្នាចំនួន ០៥នាក់ជាបុរសទាំងអស់ ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ចាប់យក មាន៖ ខ្សែលួសចំនួន០១ខ្សែ, ដាវកែឆ្នៃចំនួន០១ដើម, ម៉ូតូ០១គ្រឿងម៉ាក FTR ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4404 របស់ក្រុមជនសង្ស័យជិះធ្វើសកម្មភាព ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ទី២២ ខែមិថុនា ឆ្នាំ ២០២៥ ពួកខ្លួននិងឈ្មោះ សុន រាជ ហៅមឿន ពិតជាបានធ្វើសកម្មភាព ចងខ្សែលួសកាត់ទទឹងផ្លូវប្លន់យកម៉ូតូរបស់ជនរគ្រោះ និងកាន់កាប់អាវុធប្រហារ (ដាវ) ប្រាកដមែន ហើយ ម៉ូតូដែលប្លន់បាន គឺឈ្មោះ សុន រាជ ហៅមឿន ជាអ្នកយកម៉ូតូទៅលក់ បច្ចុប្បន្ន រត់គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕