កំពង់ឆ្នាំង៖

ក្រោយពីមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋ ព្រះសង្ឃនិងរដ្ឋបាល តាមបណ្តាស្រុក/ ភូមិ/ឃុំ ក្នុងខេត្តកំពង់ឆ្នាំង  បានសម្រុកនាំយកស្បៀងអាហារ គ្រឿងឧបភោគ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ ។ល។ សម្រាប់ជួយដល់កងទ័ពសមរភូមិមុខ និង ប្រជាពលរដ្ឋភៀសសឹក នៅទីកន្លែងសុវត្ថិភាព។

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត នៅម៉ោង៤ និង០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ រថយន្ត ចំនួន៤គ្រឿង បានដឹកស្បៀងទៅកាន់ខេត្តចំនួន២គោលដៅ ក្នុងនោះ គោលដៅខេត្តព្រះវិហារ និង គោលដៅខេត្តឧត្តមានជ័យ និង រថយន្តបន្តដឹកជាបន្តបន្ទាប់ តាមបណ្តាខេត្តគោលដៅ បន្ថែមទៀត។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា អំណោយជាស្បៀង និង គ្រឿងឧបភោគបរិភោគរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការរួបរួមសាមគ្គីគ្នា នៅក្នុងកាលៈទេសៈដ៍លំបាកមួយនេះ ។

 ទឹកចិត្តក្នុងពេលនេះ ពិតជាបានផ្តល់កំលាំងចិត្តដ៍មហាសាល កាន់តែខ្លាំងបន្ថែមទៀត ដល់វីរៈភាពកងទ័ពកម្ពុជា ដែលកំពុងបំពេញនូវកិច្ចការបម្រើជាតិមាតុភូមិ ការពារបូរណភាពទឹកដី ពីខ្មាំងឈ្លានពានថៃ។ ក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ តែមានប្រជាពលរដ្ឋពីគ្រប់ទិសទីដ៍ច្រើនសន្ធឹកសន្ធាប់ បានចូលរួមបរិច្ចាកធនធាន ទោះតិចក្តីច្រើនក្តី ដើម្បីកងទ័ពកម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដី របស់យើងទាំងអស់គ្នា ។

តាមរយៈអំណោយដ៍ច្រើនសន្ធឹកសន្ទាប់នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធានា នឹងដឹកនាំយកទៅដល់បងប្អូនកងទ័ពជាបន្តបន្ទាប់ដោយមិនអោយបាត់បង់នោះទេ ៕