កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងទឹកដីនៃប្រទេស អូស្ត្រាលី បានប្រមូលផ្តុំគ្នា រាប់រយនាក់ នៅពីមុខរដ្ឋសភា Victoria ក្នុងទីក្រុងមែលប៊ឺន។ ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានធ្វើការឈ្លានពានទឹកដី មកលើប្រទេសកម្ពុជា អស់ជាច្រើនថ្ងៃកន្លងមកនេះ ដើម្បីធ្វើជាសារសំឡេងប្រាប់ដល់ពិភពលោកថា កម្ពុជាគឺជនរងគ្រោះនៅក្នុងហេតុការណ៍មួយនេះ។

ជាមួយនឹងបងប្អូនខ្មែរជួបជុំគ្នាយ៉ាងច្រើនកុះករនៅមុខរដ្ឋសភា ក្នុងនោះ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ក៏មានវត្តមាន ចូលរួមធ្វើជាសារសំឡេងដ៏សំខាន់នេះផងដែរ។ នៅក្នុងសំឡេងនិយាយទាំងអួលដើមក ឈរតតាំងនឹងអាកាសធាតុ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញសំឡេងឃោសនា ប្រាប់ទៅកាន់ពិភពលោកថា ប្រទេសថៃជាអ្នកផ្តើមសង្គ្រាមមុន ប្រទេសកម្ពុជាមិនមែនជាអ្នកផ្តើមសង្គ្រាមមុនទេ ប្រទេសកម្ពុជាមិនបំពាន មិនឈ្លានពានអ្នកណាទាំងអស់ ប្រទេសកម្ពុជារស់នៅលើយុត្តិធម៌ និងប្រទេសកម្ពុជាត្រូវការតែសន្តិភាពប៉ុណ្ណោះ។

ជាចុងក្រោយ អ្នកនាង ឱក សុគន្ធកញ្ញា និងប្រជាពលរដ្ឋខ្មែរ ដែលបានប្រមូលម្តុំគ្នា ស្រែកក្នុងសំឡេងតែមួយថា «កម្ពុជាត្រូវការសន្តិភាព» នៅពីមុខរដ្ឋសភា Victoria ក្នុងទីក្រុងមែលប៊ឺន នៃប្រទេស អូស្ត្រាលី បានអំពាវនាវឱ្យពិភពលោក ជួយរកយុត្តិធម៌ឱ្យប្រទេសកម្ពុជា ដែលជាប្រទេសស្អាតស្អំផងដែរ៕