ភ្នំពេញ ៖ 

ឪពុកម្ដាយជាអ្នកធ្វើនំទុកលក់ បានទុកកូនស្រីអាយុ១ឆ្នាំកន្លះម្នាក់ ឲ្យលេងនៅក្នុងបន្ទប់ទឹកម្នាក់ឯង ហើយរវល់ធ្វើនំភ្លេចខ្លួន ពេលនឹកឃើញចូលទៅមើលនិងងូតទឹកឲ្យ ស្រាប់ឃើញកូនស្រីលង់ទឹកធុងជ័រស្លាប់ក្នុងបន្ទប់ទឹកនោះ បាត់ទៅហើយ ។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបន្ទប់លេខ13E ផ្ទះជួលស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ក្មេងស្រីដែលស្លាប់ឈ្មោះពេជ្រ ស្រីនាង អាយុជាង១ខួប មានឪពុកឈ្មោះងិន ពេជ្រ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះង្វៀង ធីអ៊ុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់នំ មានទីលំនៅឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ 


ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ បុរសជាឪពុក បានយកកូនស្រីចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹកឲ្យនាង ប៉ុន្តែពេលចូលទៅដល់ គាត់មិនបានងូតទឹកឲ្យកូនភ្លាមៗនោះទេ ហើយបានទុកកូនឲ្យលេងនៅក្នុងបន្ទប់ទឹកនោះ រួចចេញក្រៅជួយធ្វើនំប្រពន្ធលក់ ។ លុះមួយសន្ទុះក្រោយមក ទើបនឹកឃើញទៅងូតទឹកឲ្យកូន ហើយពេលចូលទៅដល់ស្រាប់តែឃើញកូនស្រីលង់ទឹកធុងស្លាប់នៅក្នុងបន្ទប់ទឹកនោះ បាត់ទៅហើយ ។ 

ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់កន្លែងកើតហេតុនោះភ្លាមៗ និងបានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តចុះធ្វើកោសល្យវិច័យ ៕