រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក សេយ៉េដ អាបាស អារ៉ាគី (Seyed Abbas Araghchi) បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលស្គាល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាជាអ្នកឈ្លានពានលើអ៊ីរ៉ង់។ នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អែនតូនីញ៉ូ ហ្គុតារ៉េស (Antonio Guterres) លោក អារ៉ាគី បានជំរុញឲ្យក្រុមប្រឹក្សាបំពេញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ខណៈដែលលោក បានចោទប្រកាន់អ៊ីស្រាអែល ថាបានកំណត់គោលដៅដោយចេតនា លើអគារលំនៅដ្ឋានជនស៊ីវិល ដែលជា "ការរំលោភបំពានយ៉ាងច្បាស់" លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា "ការបំពានយ៉ាងធ្ងន់ធ្ងរ" លើច្បាប់អន្តរជាតិ។ លោក អារ៉ាគី បានបន្តថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏បានកំណត់គោលដៅទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលការពារដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិនរីកសាយភាយ ក៏ដូចជាឧបករណ៍ និងដំណោះស្រាយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដូច្នេះហើយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការណ៍លើបញ្ហានេះ។