ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នាព្រឹកថ្ងៃទី៨ ខែ កក្តដា ឆ្នាំ២០២៥ បានដឹកនាំអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា៤រូបទៅហ្វឹកហាត់បំប៉នសមត្ថភាពរយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិន ។

ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងបញ្ជាក់ថា អត្តពលិក៤រូប ដែលបញ្ជូនទៅហ្វឹកហាត់ដុះខាត់បំប៉នសមត្ថភាពនៅប្រទេសចិនរយៈពេលវែងនេះ មានគ្រូជំនួយជម្រើសជាតិ លោក ផុន សុខជា ខណៈ៣រូបទៀតជាកីឡាករជម្រើសជាតិរួមមានៈ កីឡាករ ទែន វ៉ាន់ដេត យ៉ន មង្គល និងកីឡាករ រេត លីម៉េង។

ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធខាងលើ បានឱ្យដឹងទៀតថា អត្តពលិក៤រូបនេះ នឹងទៅហ្វឹកហាត់រយៈពេល៥ខែ ចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទើបវិលត្រឡប់មកកម្ពុជាវិញ។

ការហ្វឹកហាត់នេះជាអាហាររូបករណ៍ដែលសម្របសម្រួល ជួយពីលោកហ្គោឌិន តាំង អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះក៏មានការចំណាយលើការហូបចុក ស្នាក់នៅផងដែរ។ខណៈសំបុត្រយន្តហោះទៅនិងត្រឡប់មកវិញ ការចំណាយបន្ទុកលើ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

ឯកឧត្តម អគ្គលេខាធិការ បានអះអាងថា អត្តពលិក៤រូបដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិននេះ មាន២រូបហ្វឹកហាត់ត្រៀមកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនិងដំណើរការប្រកួតនាអំឡុង ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ខណៈ២រូបទៀត គឺហ្វឹកហាត់បំប៉នត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតផ្សេងៗដែលជាការប្រកួតកម្រិតអន្តរជាតិដែរ។

ឯកឧត្តម រំលេចថា ការចេញទៅហ្វឹកហាត់របស់កីឡាករកាយសម្ព័ន្ធកម្ពុជា នៅលើទឹកដីប្រទេសចិននេះ គឺជាការហ្វឹកហាត់មួយក្នុងទិសដៅបង្កើនគុណផលកីឡាផ្នែកបច្ចេកទេស មិនមែនទៅហ្វឹកហាត់ដឹងតែមកយកមេដាយបាននោះទេ ពោលប្រភេទកីឡាកាយសម្ព័ន្ធ ជាប្រភេទកីឡាអូឡាំពិកដែលចំណាយពេលហ្វឹកហាត់យូទើបទទួលបានសមិទ្ធផលផ្លែផ្កា ខណៈបច្ចុប្បន្ននេះប្រទេសក្នុងតំបន់ឡើងដល់វគ្គជម្រុះកីឡាអូឡាំពិក ឬខ្លះឈានដល់ឈ្នះមេដាយមាសអូឡាំពិកទៅទៀត។ដូច្នោះហើយ ទោះបីយើងបានហ្វឹកហាត់ក្រោយគេក៏ដោយ ក៏យើងនៅតែបន្តទិសដៅទៅមុខជានិច្ច។

កីឡាករជម្រើសជាតិកាយសម្ព័ន្ធ ទេន វ៉ាន់ដេត ដែលទទួលបានឱកាសទៅហ្វឹកហាត់ជាលើកទី៣ បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ដុះខាត់ សមត្ថភា ឱ្យបានល្អបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ខាងមុខនេះ។

គួរដឹងដែរថា ការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់នៅលើទឹកដីប្រទេសចិននេះ សម្រាប់ សហព័ន្ធកីឡាកាយសម្ព័ន្ធ គឺជាលើកទី៣ហើយ ខណៈការហ្វឹកហាត់ក្នុងឆ្នាំ២០២៥នេះ គឺការហ្វឹកហាត់មានរយៈពេល៥ខែ ដោយគិតចាប់ពីថ្ងៃទី៨ ខែ កក្តដា រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥ រាល់ការចំណាយហូបចុកស្នាក់នៅ គឺ លោក ហ្គោលឌិន តាំង អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នករាប់រងជួយទាំងស្រុង៕