នាយករដ្ឋមន្ត្រីប្រទេសថៃ លោកស្រី ផែ ថុងថាន ទទួលយកសេចក្តីសម្រេចរបស់តុលាការ ជុំវិញការព្យួរលោកស្រីពីតំណែង
នាយករដ្ឋមន្ត្រីប្រទេសថៃ លោកស្រី ផែ ថុងថាន ស៊ីនណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានថ្លែងកាលពីថ្ងៃអង្គារ ទី1 ខែកក្កដាថា លោកស្រី ទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ក្នុងការព្យួរលោកស្រីពីតំណែងនាយករដ្ឋមន្ត្រី។ លោកស្រីក៏បាននិយាយថា ខ្ញុំសុំទោស ទៅកាន់ប្រជាជនទាំងអស់ ដែលមិនសប្បាយចិត្តចំពោះរឿងទាំងអស់នេះ ហើយខ្ញុំនឹងបន្តធ្វើការឲ្យប្រទេស ក្នុងនាមជាពលរដ្ឋថៃ។ លោកស្រីនាយករដ្ឋមន្ត្រីវ័យ 38 ឆ្នាំរូបនេះ ក៏កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ខណៈដែលឪពុកដ៏មានឥទ្ធិពលរបស់លោកស្រី គឺអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាកម្លាំងជំរុញដ៏ខ្លាំងមួយនៅពីក្រោយរដ្ឋាភិបាលរបស់លោកស្រីនោះ កំពុងប្រឈមមុខនឹងការកាត់ទោសលើសំណុំរឿងជាច្រើន បូករួមទាំងទាំងប្រមាថព្រះមហាក្សត្រ ក្នុងខែនេះ។ លោកស្រី ផែ ថុងថាន មានរយៈពេល 15 ថ្ងៃ ដើម្បីឆ្លើយតប នឹងបន្តឈរក្នុងជួរគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីវប្បធម៌ថ្មីរបស់ប្រទេសថៃ ខណៈដែលលោកឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ សូរីយៈ ជឹងរុងរឿងគីត (Suriya Juangroongruangkit) នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ។