កាលពីថ្ងៃពុធ ទី16 ខែកក្កដា យោធា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសក្នុងរដ្ឋធានី ដាម៉ាស ដោយបង្កការបំផ្លិចបំផ្លាញលើអគារក្រសួងការពារជាតិ និងទីតាំងជិតវិមានប្រធានាធិបតី ខណៈដែលបានប្តេជ្ញាថា នឹងកម្ទេចកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលបានបើកការវាយប្រហារលើសហគមន៍ ឌុ្រស នៅភាគខាងត្បូងប្រទេសស៊ីរី និងទាមទារឲ្យរដ្ឋាភិបាលស៊ីរី ដកកងទ័ពចេញ។ ការវាយប្រហារនេះ បង្ហាញពីការកើនឡើងនៃភាពតានតឹងរបស់អ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋបាលដែលដឹកនាំដោយប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី គឺលោក អាម៉េដ អាល់ ហ្ស៊ារ៉ា (Ahmed al Sharaa)។ អ៊ីស្រាអែលបានពណ៌នាថា របបគ្រប់គ្រងថ្មីរបស់ស៊ីរី គឺជាពួកឧទ្ទាមជីហាដក្លែងខ្លួន ហើយថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងត្បូងប្រទេសស៊ីរីឡើយ ដោយអ៊ីស្រាអែល ប្តេជ្ញាការពារសហគមន៍ ឌ្រុស ពីការវាយប្រហារណាមួយ។