គ្រូបង្វឹកកីឡាបាល់ទះជាតិ ចំនួន ៤៥ រូបបានចូលរួមវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិត C ដោយសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៥ ខែ កក្កដា នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមឧទ្ទេសពី គ្រូជំនាញ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ថា វគ្គគ្រូបង្វឹកនេះ ពិតជាសំខាន់ដើម្បី អភិវឌ្ឍសមត្ថភាព គ្រូបង្វឹក កីឡាបាល់ទះនៅកម្ពុជា ឱ្យមានស្តង់ដារ តាមកម្រិតអន្តរជាតិ ដែលទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទះពិភពលោក។ 

ជាក់ស្ដែងបច្ចុប្បន្ន គ្រូបង្វឹកកីឡាបាល់ទះកម្ពុជា មិនទាន់មានអ្នកមានវិញ្ញាបនបត្រកម្រិតអន្តរជាតិនៅឡើយទេ ដូច្នេះនេះជាឱកាសល្អដើម្បីសាបព្រោះធនធានគ្រូបង្វឹកអន្តរជាតិ ជាជនជាតិខ្មែរ។ ដោយសារមើលឃើញពីសារៈសំខាន់នេះ សហព័ន្ធកីឡាបាល់ទះ បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម សមាសភាពចូលរួម សរុបបាន ៤៥ រូប ការអនុញ្ញាតជាក់លាក់តែ ២៥ រូបប៉ុណ្ណោះ។ 

សហព័ន្ធសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងពិតប្រាកដ ដើម្បីបង្ហាត់បន្តដល់កូនក្រុមរបស់ខ្លួន។ក្រៅពី ទ្រឹស្ដី សិក្ខាកាមក៏ទទួលបានការអនុវត្តទាក់ទង នឹងការបង្ហាត់លើទីលានដោយផ្ទាល់ទាក់ទងនឹងមូលដ្ឋានគ្រឹះកីឡាបាល់ទះ។

គួរបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាបាល់ទះកម្រិត C នេះមានលោក ឌូសាន ចារ៉ូដតា (Dusan Jarotta) ជាគ្រូឧទ្ទេស មកពីសហព័ន្ធកីឡាបាល់ទះពិភពលោក និងមានសិក្ខាកាមមកពីអង្គភាពនានាចំណុះនាយកដ្ឋាននានា នៃ អគ្គនាយកដ្ឋានកីឡា, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកគ្រូបង្វឹក គ្រូជំនួយ កីឡាករ នៃ សហគម-ក្លិបកីឡាបាល់ទះ ចំនួន ៣២ សរុបចំនួន ៤៥រូប (ស្រី ១៣រូប)៕