ភ្នំពេញ៖
ស្ត្រីមានវិបត្តិម្នាក់ បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២៥ហើយលិចបាត់បន្សល់ទុកតែម៉ូតូម៉ាក zoomer x មួយគ្រឿងនិងទូរសព្ទព្រមទាំងសម្ភារៈមួយចំនួនទៀតនៅក្នុងកាបូប។
ស្ត្រីរូបនោះ ត្រូវបានគេស្គាល់ឈ្មោះសឿន គឹមលាង អាយុ ប្រមាណជាង ២០ឆ្នាំជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ១GC.០៧៦១មួយគ្រឿង។
តាមសាក្សីបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ គេឃើញនារីរូបនោះ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរឡើងស្ពានជ្រោយចង្វារក្នុងដៅពីកើតទៅលិចនៅពេលធ្វើដំណើរជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូហើយតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង។
តាមព័ត៌មានឱ្យដឹងទៀតថាបន្ទាប់ពីលោតទឹកសម្លាប់ខ្លួនស្ត្រីរូបនោះ បានលិចបាត់ទៅក្នុងទន្លេ បន្សល់ទុកតែម៉ូតូមួយគ្រឿងនិងកាបូបនៅក្នុងកែបម៉ូតូដែលមានទូរស័ព្ទ ព្រមទាំងឯកសារមួយចំនួន។ បន្ទាប់ពីមានមនុស្សលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរនាំគ្នាឈប់មើលគ្រប់ ៗគ្នា។ ភ្លាមៗនោះនគរបាលអង្គភាពការពារ គោលដៅទី៣ បានចុះទៅយកម៉ូតូនិងសម្ភារៈដែលបានបន្សល់ទុកទៅរក្សាទុកនៅអង្គភាព និងស្រាវជ្រាវរកបងប្អូនឲ្យមកទទួល ។
ទាក់ទិននិងការធ្វើអត្តឃាតនេះគេពុំដឹងថា ស្ត្រីរូបនោះមានវិបត្តិអ្វីនោះទេ បានជាគិតខ្លីជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនទាំងព្រឹកបែបនេះ៕
