ភ្នំពេញ៖ 

រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញ មួយគ្រឿង បានបើកបុកម៉ូតូកង់៣ពីក្រោយ ពេញទំហឹង ទៅផ្ទុបនិងរថយន្តមួយគ្រឿងទៀត ដែលកំពុងរីយ៉ែចូលឃ្លាំងបណ្ដាលឱ្យអ្នកបើកបរកង់៣ កៀបជាប់រងរបួសធ្ងន់ធ្ងរ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោ ៧និង៣០នាទីព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ ២០២៥នៅចំណុចមហាវិថីឈ្នះឈ្នះក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។ រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពត ៣A.០៨៦៣ ជារថយន្តកងដឹកជញ្ជូនCT ដែលមានលេខសំគាល់B៦២បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ។ 

ជនរងគ្រោះ ឈ្មោះ ភា ប្រុសអាយុ ៥១ឆ្នាំមានទីលំនៅភូមិឈើទាល ភូមិព្រែកឯកសញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាលជាអ្នកបើកបរម៉ូតូកង់៣ពាក់ស្លាកលេខកណ្តាល១ AG.២៤១១។ 

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់៣ខាងលើ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីរលិចទៅកើត។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ ក៏បានឈប់ដើម្បីរង់ចាំឲ្យរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង រ៉ឺយ៉ែរ ថយក្រោយ បត់ចូលឃ្លាំងដែក។ ខណៈនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកទំនិញរបស់កងដឹកជញ្ជូនCTដែលមានលេខសម្គាល់B៦២ បានធ្វើដំណើរក្នុងទិសដៅពីរលិចទៅកើតហើយមកបុកម៉ូតូកង់៣កំពុងឈប់ពីក្រោយពេញទំហឹង។ 

នៅក្នុងគ្រោះថ្នាក់នេះ រថយន្តបង្កបានបុកហើយរុញម៉ូតូកង់បីទៅផ្ទុបនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងដែលកំពុងរ៉ឺយ៉ែរ ចូលឃ្លាំង បណ្ដាឲ្យម៉ូតូកង់៣កំពិតកៀបជាប់អ្នកបើកបររងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយសងការខូចខាត៕