ភ្នំពេញ៖
បុរសជាកម្មករសំណង់ម្នាក់ ត្រូវជនមិនស្គាល់មុខ២នាក់ ព្រួតគ្នាវាយបណ្ដាលឲ្យដួលបោកក្បាលស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ការប្រើហិង្សាមានស្ថានទម្ងន់ទោសរហូតមរណភាពនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នៅចំណុចផ្លូវលេខ២០១១ មុខផ្ទះលក់អីវ៉ាន់យីហោ ពេជ្រ ចិន្តា ក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើហិង្សានេះ ឈ្មោះ សុខ ភារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅកម្មករសំណង់ ទីលំនៅផ្ទះលេខ៥១ ផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកជនដៃដល់ដែលជាឃាតករត្រូវបានគេអះអាងថា ចំនួនពីរនាក់ពុំ ត្រូវគេស្គាល់អត្តសញ្ញាណឡើយ។
តាមព័ត៌មានឲ្យដឹងថា នៅវេលាមុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែដើរនៅតាមដងផ្លូវ ស្រាប់តែជនសង្ស័យចំនួន២នាក់ បាននាំគ្នាព្រួតវាយទៅលើជនដងគ្រោះបណ្ដាលឲ្យដួលសន្លប់នៅលើដងផ្លូវលេខ២០១១ នៅក្បែរផ្លូវចូលផ្ទះរបស់ជនរងគ្រោះ ។
ទាក់ទិននិងការប្រើហិង្សានេះ គេពុំដឹងថា ជនរងគ្រោះមានទំនាស់អ្វីមួយជាមួយនិងជនដៃដល់ ដែលជាឃាតករនោះឡើយ។ បន្ទាប់ពីបង្កហិង្សា ជនដៃដល់ បានគេចខ្លួនបាត់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះ នាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពតេជោសន្តិភាពហើយត្រូវគ្រូពេទ្យឲ្យដឹងថាជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយត្រូវក្រុមគ្រួសារបញ្ជូនមកផ្ទះដើម្បីធ្វើបុណ្យ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ វាយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់៕