ជាការពិតណាស់ វិស័យដំណឹកជញ្ជូនលើផ្លូវគោក និងផ្លូវទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែរីកលូតលាស់យ៉ាងឆាប់រហ័ស ក្រោមក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនកូនខ្មែរ កំពុងទទួលបានភាពជោគជ័យទ្វេដង និងថែមមួយកម្រិតទៀតនៅក្នុងវិស័យអចលនទ្រព្យ ដោយ អ្នកឧកញ៉ា សួរ វីរៈ បានសម្រេចគោលដៅលើការវិនិយោគថ្មីបន្ទាប់ សម្រាប់គម្រោងអភិវឌ្ឍន៍ដំបូងទំហំ 100 ហិកតា និងគម្រោងក្រុមហ៊ុនហោះហើរ VET Airways ផងដែរ។
នេះបើយោងតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់រវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (VET Property Development) និងក្រុមហ៊ុន ខូសថល ស៊ីធី COASTAL CITY DEVELOPMENT Group ដែលមានលោក Li Meng Chen ជាអគ្គនាយកក្រុមប្រឹក្សាភិបាលដោយផ្ទាល់។
ថ្លែងប្រាប់ដោយក្តីរំភើបក្នុងអង្គពិធីនារសៀលថ្ងៃទី ៣០ ខែមិថុនា អ្នកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់លើកិច្ចសហការនេះ ដោយផ្តោតលើការអភិវឌ្ឃ តំបន់ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបលើដែនដីតារាសាគរនៃប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់ទេសចរណ៍លំដាប់ពិភពលោកមួយនាពេលអនាគត។
ក្នុងនាមជាដៃគូរយុទ្ធសាស្រ្តក្នុងគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងយកចិត្តទុកដាក់លើការអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្រ្តផែនការ និងការគ្រប់គ្រងទីផ្សារ ដើម្បីអភិវឌ្ឃតំបន់តារាសាគរ ទៅជាគោលដៅទេសចរណ៍ស្តង់ដារពិភពលោក ដែលរួមបញ្ចូលនូវវប្បធម៌ បរិស្ថានធម្មជាតិ និងសេវាកម្មទេសចរណ៍កម្រិតខ្បស់ ក្នុងការទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ក៏ដូចជាបង្កើតឱកាសការងារដ៏ល្អជាច្រើន ជួយជម្រុញការអភិវឌ្ឃសេដ្ឋកិច្ចក្នុងតំបន់រយៈពេលវែងផងដែរ។
លើសពីនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏មានគម្រោងអភិវឌ្ឃវិស័យដំណឹកជញ្ជូនដែនអាកាសប្រចាំអាកាសយានដ្ឋានអន្តរជាតិតារាសាគរ តាមរយៈការបង្កើតសាលាបង្រៀនហោះហើរ និងចំណតយន្តហោះចុះលើទឹក ដើម្បីធ្វើឱ្យការធ្វើដំណើរទៅមកពីតំបន់នានា ជាពិសេសពីខេត្តសៀមរាប ឬខេត្តមិនជាប់ដែនសមុទ្រដទៃទៀត អាចធ្វើដំណើរកាន់តែស្រួល និងរហ័សជាងមុន។ លោកជឿថា
តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា និងចក្ខុវិស័យដ៏រឹងមាំក្នុងកិច្ចទ្វេភាគីនេះ តំបន់តារាសាគរ នឹងលេចក្លាយជាសមិទ្ធផលថ្មីក្នុងនាមជាទីក្រុងដ៏រស់រវើក និងទាក់ទាញបំផុតមួយលើផែនទីទេសចរណ៍ពិភពលោក។