ភ្នំពេញ៖

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវកាត់ទទឹងខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តសេរីទំនើប ford ranger បើកជ្រុលទៅបុក បណ្ដាលឲ្យ បុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ  ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ចំនុចស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ សង្កាត់ស្ទឹងទី១ ខណ្ឌបឹងកេងកង  ។  សពជនរងគ្រោះមានឈ្មោះ ហេង គឹមហួយ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់ម្ដុំផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាក  ហុងដាឃ្លីក ពាក់ស្លាកលេខភ្នំពេញ 1CM4751 បានជិះធ្វើដំណើរ តាមបណ្ដោយផ្លូវ១៧៣ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួន ។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ កម្ពុជាN.P.0117 បានបើកបោះពួយតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នាន ក៏ជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យអូសខ្ទាតជាច្រើនម៉ែត្រ រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី  ។ 

ក្រោយកើតហេតុ សព ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ចំនែកមធ្យោបាយរួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់អោយផ្នែកជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅរក្សាទុកដើម្បីមានចំណាត់ ការតាមនិតិវិធី ៕