អ្នកគាំទ្រនៅទូទាំងពិភពលោកមានការភ្ញាក់ផ្អើលក្រោយរូបភាពរបស់តារាល្បីលំដាប់ពិភពលោក Jackie Chan ឬអ្នកគាំទ្រនៅកម្ពុជាហៅថា ឈិនឡុង ដែលស្ថិតក្នុងវ័យ ៧០ ឆ្នាំ ត្រូវបានចែករំលែកពេញបណ្តាញសង្គម ក្នុងរូបភាពផ្លាស់ប្តូរខ្លាំង ស្ទើរតែចំណាំសឹងតែមិនបាន។
រូបភាព ដែលមហាជននាំគ្នាចែករំលែកនេះ ព្រោះតែពួកគេស្លុតអារម្មណ៍នៅការប្រែប្រួលសម្រស់ខ្លាំង និងបាននាំគ្នាសួរសំណួរជាច្រើនទៅកាន់កំពូលតារាសម្តែងរូបនេះថាមានអ្វីកើតឡើងទៅលើរូបគេជាដើម។
យ៉ាងណាមិញ តាមរយៈការសម្តែងរឿងប្រភេទវាយតប់ (Action) កន្លងមករបស់ Jackie Chan ត្រូវបានគេដឹងថា លោកមិនដែលប្រើតួជំនួសនៅក្នុងភាពយន្តដែលខ្លួនបានសម្តែងឡើយ។ តារាប្រុសរូបនេះ បានលះបង់សាច់ស្រស់ឈាមស្រស់ និងប្រថុយជីវិតនៅក្នុងឈុតឆាកសម្តែងគ្រោះថ្នាក់ជាច្រើន ព្រោះចង់ឱ្យបានរូបភាពចេញមកដែលដូចជាការពិតជាក់ស្តែងបំផុត។ ទាំងនេះ អាចជាកត្តាដែលធ្វើឱ្យ Jackie Chan ផ្លាស់ប្តូររូបរាងខ្លាំង បន្ទាប់ពីលោកបានសម្រាកពីឧស្សាហកម្មភាពយន្ត។
ទោះបីជារាងកាយចាស់ទ្រុតទ្រោមក៏ពិតមែន ប៉ុន្តែ Jackie Chan នៅតែស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រនៅទូទាំងពិភពលោក។ គួរឱ្យដឹងថា Jackie Chan ឬ ឈិនឡុង មិនត្រឹមតែជាកំពូលតារាសម្តែងប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកដឹកនាំការសម្តែង Producer អ្នកចម្រៀង និងជាសប្បុរសជនដែលទទួលបានការចាត់លំដាប់ថ្នាក់ជាបុគ្គលល្បីចិត្តបុណ្យកម្រិតពិភពលោកផងដែរ។ ជាមួយគ្នានេះ ទស្សនាវដ្ដី ហ្វបស៍ (Forbes) ធ្លាប់បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិរបស់ Jackie Chan មានរហូតដល់ទៅ ៣៥០ លានដុល្លារសហរដ្ឋអាមេរិកឯណោះ ៕