កាលពីពេលថ្មីៗកន្លងទៅ ទីភ្នាក់ងាររបស់តារាសម្តែង គីម ហ្គាអ៊ឹន (Kim Ga-eun) និង យ៉ូន សាន់វ៉ូ (Yoon Sun Woo) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេទាំងពីនឹងដឹកដៃគ្នាចូលរោងការនៅក្នុងខែតុលា ឆ្នាំ ២០២៥ នេះ។ ពិធីមង្គលការរបស់តារាប្រុសស្រីរូបនេះ នឹងធ្វើជាលក្ខណៈឯកជនដោយមានតែក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិស្និទ្ធិស្នាលប៉ុណ្ណោះ។

គីម ហ្គាអ៊ឹន (Kim Ga-eun) និង យ៉ូន សាន់វ៉ូ (Yoon Sun Woo) ជួបគ្នាដំបូងតាមរយៈការសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្ត ស៊ីងហ្កល ម៉ាយន៍ឌីដ ឌែនឌីលៀអឹន (Single-minded Dandelion) ផ្សាយចាក់លើកញ្ចក់ទូរទស្សន៍ KBS2 កាលពីអំឡុងឆ្នាំ ២០១៥ ដែលនេះគឺជាចំណុចចាប់ផ្តើមធ្វើឱ្យមានរងើកភ្លើងស្នេហ៍កើតឡើង។

គួរឱ្យដឹងថា គីម ហ្គាអ៊ឹន (Kim Ga-eun) បានបង្ហាញខ្លួនជាលើកដំបូងនៅលើវិស័យសិល្បៈនៅឆ្នាំ ២០០៩ និងចាប់ផ្តើមមានឈ្មោះបោះសំឡេងតាមរយៈខ្សែភាពយន្តជាច្រើនដូចជា ប៊ីខហ្ស៍ ឌីស អ៊ីស ម៉ាយ ហ្វឹសថ៍ ឡាយហ្វ៍ (Because This Is My First Life), ឃីង ឌឹ លែនដ៍ (King the Land) និង ឌឹ ផឹថេយ៍ថូ លែបផ៍ (The Potato Lab) ជាដើម។ ចំណែកឯ យ៉ូន សាន់វ៉ូ (Yoon Sun Woo) ចាប់ផ្តើមដើរនៅលើវិស័យសិល្បៈនៅអំឡុងឆ្នាំ ២០០៣ និងមានឈ្មោះបោះសំឡេងតាមរយៈខ្សែភាពយន្តរឿង ហត់ថ៍ ស្តូវ លីហ្ក (Hot Stove League)៕