ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនអត្ដពលិក ទៅប្រកួតលើវិញ្ញាសា Mobile Legend ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ម្ចាស់ផ្ទះថៃ បានដាក់វិញ្ញាសានេះ ទាំងផ្នែកនារី និងបុរស ក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវធ្វើនៅអំឡុង ខែធ្នូ ឆ្នាំ២០២៥។
ថៃ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣៣ នៅអំឡុង ខែធ្នូ ឆ្នាំ២០២៥។ ម្ចាស់ផ្ទះនេះ បានដាក់ប្រភេទកីឡាអេឡិចត្រូនិក ហើយក្នុងនោះ ក៏បានដាក់វិញ្ញាសា Mobile Legend ផ្នែកបុរស និងផ្នែកនារីផងដែរ។
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បញ្ជាក់ថាសហព័ន្ធ នឹងបញ្ជូនអត្ដពលិក ទៅប្រកួតទាំង២ភេទ ក្នុងវិញ្ញាសា Mobile Legend។ ដោយឡែកចំពោះចំនួនក្រុម ដែលកម្ពុជាអាចចូលរួមប្រកួតបាននោះ លោក លន់ សាមឌី មិនអាចបញ្ជាក់បានទេ ព្រោះសហព័ន្ធ កំពុងរង់ចាំការបញ្ជាក់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣។
ក្នុងការត្រៀមខ្លួន ក៏ដូចជាពង្រឹងសមត្ថភាពរបស់អត្ដពលិក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សហការជាមួយ T.Y Media នឹងរៀបចំការប្រកួត Express Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legend Bang Bang វគ្គ ៨ក្រុម ចាប់ពីថ្ងៃទី៣-៦ កក្កដា ឆ្នាំ២០២៥។ ៨ក្រុមនោះមកពី ៤ប្រទេស គឺឡាវ វៀតណាម សិង្ហបុរី និងកម្ពុជា ដែលជាម្ចាស់ផ្ទះ។
អគ្គលេខាធិការសហព័ន្ធរូបនេះ យល់ថានេះ គឺជាឱកាសសម្រាប់អត្ដពលិកកម្ពុជា បានបញ្ចេញ និងតេស្ដសមត្ថភាព ក៏ដូចជាដកស្រង់បទពិសោធន៍ប្រកួត ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅចុងឆ្នាំ២០២៥។ ឯកឧត្តម លន់ សាមឌី បន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍អន្ដរជាតិក្នុងប្រទេស គឺបង្ហាញពីស្ថានភាព និងសន្ដិភាពក្នុងប្រទេស ហើយក៏អាចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ ផងដែរ ។