យ៉ាងហោចណាស់មនុស្ស 4 នាក់ ក្នុងនោះរួមមានទាំងស្នងការរងម្នាក់ ត្រូវបានសម្លាប់ និង 11 នាក់ផ្សេងទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមមន្ត្រីប៉ូលីសបានបញ្ជាក់ថា ការវាយប្រហារនេះទំនងជាការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយយោងតាមព័ត៌មានបឋម ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើកម៉ូតូដែលមានផ្ទុកគ្រឿងផ្ទុះ បំបុករថយន្តរបស់ស្នងការរង និងមនុស្ស 3 នាក់ទៀត។ តែរហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ គួរបញ្ជាក់ផងដែរថា តំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន មួយនេះ បានក្លាយជាចំណុចក្តៅសម្រាប់សកម្មភាពវាយប្រហារនានារបស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមតាំងពីយូរណាស់មកហើយ។