គណៈរដ្ឋមន្ត្រីថ្មីសរុបចំនួន 14 នាក់ បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី3 ខែកក្កដា ក្នុងនោះ រួមមានទាំងនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង គឺលោកស្រី ផែ ថុងថាន ស៊ីនណាវ៉ាត់ត្រា ដែលចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសថៃ។ យោងតាមសេចក្តីរាយការណ៍របស់រដ្ឋាភិបាលថៃ លោកឧបនាយករដ្ឋមន្ត្រី ភូមិថាម វីឆាយ៉ាឆៃវ័យ 71 ឆ្នាំ នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ជំនួសរដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក (សូរិយៈ ជឹងរុងរឿងគីត) Suriya Jungrungreangkit បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ ទី01 ខែកក្កដា តុលាការធម្មនុញ្ញប្រទេសថៃ បានព្យួរតំណែងលោកស្រី ផែ ថុងថាន បន្ទាប់ពីទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន 36 រូប ដែលបានចោទប្រកាន់លោកស្រីពីបទមិនស្មោះត្រង់ រំលោភលើបទដ្ឋានសីលធម៌ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។