នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ម៉ាកយីហោប្រណិតអ៊ីតាលី Gucci បានប្រកាសជាផ្លូវការនូវសមាជិក Stray Kids លោក Lee Know ជាទូតសុឆន្ទៈម៉ាកយីហោពិភពលោក(Global Brand Ambassador) ថ្មីបំផុតរបស់ខ្លួន។ កន្លងមក Lee Know ធ្លាប់បានស្លៀកសម្លៀកបំពាក់ម៉ាក Gucci ក្នុងឱកាសផ្សេងៗ ទាំងនៅក្នុងព្រឹត្តិការណ៍ផ្លូវការ និងការម៉ូតជាដើម។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះ ថែមទាំងបានចូលរួមកម្មវិធីបង្ហាញម៉ូត Gucci Cruise 2025 ដែលធ្វើឡើងនៅទីក្រុងឡុងដ៍កាលពីឆ្នាំមុនផងដែរ។

ម៉ាកយីហោនេះ ក៏បានដាក់ក្តីរំពឹងថា ឥទ្ធិពល និងភាពជាខ្លួនឯងរបស់ Le Know នឹងបំផុសគំនិតថ្មីៗសម្រាប់ម៉ាក់យីហោរបស់គេ។

ចំណែក Le Know បានចែករំលែកក្តីរំភើបរបស់ខ្លួនថា "ខ្ញុំជឿថា Gucci គឺជាម៉ាកដែលភ្ជាប់អតីតកាល និងបច្ចុប្បន្នតាមរយៈបេតិកភណ្ឌវប្បធម៌ និងការច្នៃប្រឌិតសហសម័យ។ វាជាកិត្តិយសសម្រាប់ខ្ញុំដែលជាផ្នែកមួយនៃដំណើរទស្សនវិស័យរបស់ Gucci" ។

គួរឱ្យដឹងថា បន្ទាប់ពីបង្ហាញខ្លួនក្នុងនាមជាទូតសុឆន្ទៈម៉ាកយីហោពិភពលោក(Global Brand Ambassador) ថ្មីរបស់ Gucci, Le Know ក៏នឹងគម្រោងជាច្រើនក្រោមការសហការជាមួយម៉ាកយីហោនេះនាពេលខាងមុខផងដែរ៕