លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដាក់ចេញនូវបទបញ្ជាប្រតិបត្តិមួយ ដោយសម្រេចដាក់ពន្ធបន្ថែម 25% លើទំនិញពីប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសនេះ បន្តទិញប្រេងពីប្រទេសរុស្ស៊ី ខណៈដែលវិធានការថ្មីនេះ បានជំរុញឲ្យអត្រាពន្ធលើទំនិញដែលនាំចូលពីប្រទេសឥណ្ឌា កើនដល់ 50%។ ការប្រកាសតម្លើងពន្ធនេះ ក៏ធ្វើឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី  រៀបចំសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេលជាង 7 ឆ្នាំ ទៅកាន់ប្រទេសចិន ដើម្បីជំរុញសម្ព័ន្ធភាព និងសេដ្ឋកិច្ចដែលបច្ចុប្បន្នកំពុងរងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកនោះ។ ឆ្លើយតបទៅនឹងចំណាត់ការនេះ ក្រសួងការបរទេសប្រទេសឥណ្ឌាបាននិយាយថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធបន្ថែម 25% លើទំនិញពីប្រទេសឥណ្ឌា គឺជារឿង "អកុសលយ៉ាងខ្លាំង" ហើយថាប្រទេសឥណ្ឌា នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។