យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុលិចទូកដឹកជនចំណាកស្រុកនៅកោះ ឡាំប៉េឌូសា (Lampedusa) របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ ទី13 ខែសីហា ខណៈដែលមនុស្ស 60 នាក់ទៀត ត្រូវបានជួយសង្រ្គោះ។ ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះអនុវត្តច្បាប់របស់ប្រទេសអ៊ីតាលី បានប្រទះឃើញទូកលិចមួយគ្រឿងជាមួយនឹងសាកសពមនុស្សជាច្រើននាក់នៅជិតកោះ ឡាំប៉េឌូសា ដែលជំរុញឲ្យឆ្មាំសមុទ្រដាក់ពង្រាយកប៉ាល់ចំនួន 5 គ្រឿង យន្តហោះ 2 គ្រឿង និងឧទ្ធម្ភាគចក្រ 1 គ្រឿង ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីដើមឆ្នាំ 2025 នេះមក មានជនចំណាកស្រុកចំនួន 675 នាក់ហើយបានស្លាប់ នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ខណៈដែលព្យាយាមឆ្លងកាត់ទៅកាន់តំបន់អឺរ៉ុប។