កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ អ្នកតំណាងរបស់តារាសម្តែង និងចម្រៀង “លី ជូនហូ” (Lee Jun-ho) បានប្រកាសថាតារាប្រុសរូបនេះ បានបង្កើតក្រុមហ៊ុនកម្សាន្តថ្មីមួយដែលមានឈ្មោះថា “អូស្រ៊ី ខឹឡេកធីវ” (O3 Collective)។ O3 គឺជាឈ្មោះហៅកាត់របស់ផលិតកម្មខាងលើ ដោយមានធាតុផ្សំចំនួនបីរួមគ្នា មានដូចជា One (អត្តសញ្ញាណរបស់សិល្បករ) Original (ភាពប្លែកថ្មីនៃមាតិកា) និង Orbit (ប្រព័ន្ធគ្រប់គ្រង)។

ផលិតកម្មនេះ មិនត្រឹមតែជាក្រុមហ៊ុនកម្សាន្តនោះទេ ប៉ុន្តែគោលបំណងរបស់ក្រុមហ៊ុន គឺដើម្បីឱ្យសិល្បករ អ្នកបង្កើតមាតិកា និងបុគ្គលិកទាំងអស់ បានបញ្ចេញពន្លឺព្រមៗគ្នាតាមរយៈប្រព័ន្ធរបស់ក្រុមហ៊ុនក្នុងការធ្វើការជាក្រុម និងពង្រីកខ្លួនឱ្យលើសពីក្រុមហ៊ុនគ្រប់គ្រងសិល្បករទៅជា “ប៊ិហ្សិនីស លែប” (Business Lab) និងរីកចម្រើនទៅមុខដោយគ្មានដែនកំណត់។

យ៉ាងណាមិញ កាលពីខែមេសាកន្លងទៅ “លី ជូនហូ” (Lee Jun-ho) បានចាកចេញពីផលិតកម្ម JYP Entertainment ក្រោយរួមការងារជាមួយគ្នាអស់រយៈពេល ១៧ ឆ្នាំ។ ដោយឡែកការបង្កើតផលិតកម្ម  “អូស្រ៊ី ខឹឡេកធីវ” (O3 Collective) តារាប្រុសរូបនេះបានចាប់ដៃគូជាមួយ “យ៉ាង ហេយ៉ុង” (Yang Hye-young) ដែលជាអតីតនាយកប្រតិបត្តិ CJ ENM ដែលធ្លាប់មើលការខុសត្រូវលើយុទ្ធសាស្រ្តម៉ាកយីហោ និងគម្រោងអាជីវកម្មខាងផ្នែកសម្តែងពីមុនមក។

គួរឱ្យដឹងថា “លី ជូនហូ” (Lee Jun-ho) បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម 2PM ក្នុងឆ្នាំ ២០០៨។ ក្រៅពីតារាចម្រៀងគេក៏បានសម្តែងនៅក្នុងភាពយន្តជាច្រើនផងដែរ។ ក្នុងនោះ ឆាប់ៗខាងមុខនេះ “លី ជូនហូ” (Lee Jun-ho) នឹងបង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ tvN ដែលមានឈ្មោះថា “ធីហ្វុន ខមផឹនី” (Typhoon Company) សម្តែងរួមជាមួយនឹង “គីម មីនអា” (Kim Min-ha) និងរឿង “ខេហ្សេរ៉ូ” (Cashero) សម្រាប់ចាក់ផ្សាយនៅលើ Netflix ផងដែរ៕