យ៉ាងហោចណាស់មានមនុស្ស 5 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងទីក្រុង ខាលី របស់ប្រទេសកូឡុំប៊ី។ លោកប្រធានាធិបតី ហ្កាស្តាវូ ផេត្រូ (Gustavo Petro) បានថ្លែងថា រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកសារធាតុផ្ទុះ បានបំផ្ទុះនៅជិតមូលដ្ឋានទ័ពអាកាសរបស់ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្ស 5 នាក់។ ទន្ទឹមនឹងនេះ ការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀត ក៏បានធ្វើឡើងនៅប្រទេសកូឡុំប៊ី ដោយមានមន្ត្រីប៉ូលីសយ៉ាងហោចណាស់ 12 នាក់បានស្លាប់ អំឡុងពេលនៃការវាយប្រហារលើឧទ្ធម្ភាគចក្រប៉ូលីសជាតិកូឡុំប៊ី។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីកូឡុំប៊ី បាននិយាយថា ការវាយប្រហារទាំងពីរនេះ អាចជាទង្វើរបស់កងកម្លាំងបដិវត្តន៍កូឡុំប៊ី ដែលបានច្រានចោលកិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ 2016 ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ដែលបណ្តាលឲ្យមនុស្សប្រមាណ 45 ម៉ឺននាក់បាត់បង់ជិវិតនោះ។
