គិតត្រឹមថ្ងៃអាទិត្យ ទី03 ខែសីហា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 60.500 នាក់ និងជិត 15 ម៉ឺននាក់ផ្សេងទៀតរងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 98 នាក់ និងប្រមាណ 1000 នាក់រងរបួស ដោយក្នុងនោះមនុស្ស 39 នាក់បានស្លាប់ និង 849 នាក់រងរបួស នៅជិតទីតាំងចែកចាយជំនួយស្បៀងអាហារ។ ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា មន្ទីរពេទ្យនានាក្នុងតំបន់ហ្គាហ្សា បានកត់ត្រាករណីស្លាប់ថ្មីចំនួន 9 នាក់ រួមទាំងកុមារម្នាក់ផងដែរ ដោយសារគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ដែលនេះជំរុញឲ្យចំនួនមនុស្សស្លាប់សរុបដោយសារការអត់ឃ្លានកើនដល់ 169 នាក់ ក្នុងនោះកុមារ 93 នាក់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មនុស្សម្នាក់ក្នុងចំណោមមនុស្ស 3 នាក់នៅតំបន់ហ្គាហ្សា គ្មានអាហារបរិភោគពេញមួយថ្ងៃ ខណៈដែលកុមារតូចៗប្រមាណ 32 ម៉ឺននាក់ កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
