គិតត្រឹមថ្ងៃសុក្រ ទី15 ខែសីហានេះ ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 62.000 នាក់ និង 154.500 នាក់ទៀតរងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស 123 នាក់ និង 437 នាក់ទៀតរងរបួស ខណៈដែលក្នុងនោះ មនុស្សចំនួន 8 នាក់ 3 នាក់ជាកុមារ បានស្លាប់ដោយគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ដែលជំរុញឲ្យតួលេខអ្នកស្លាប់ទាក់ទងនឹងការអត់ឃ្លាន កើនឡើងដល់ទៅ 235 នាក់ ក្នុងនោះមាន 106 នាក់ជាកុមារ។ ទន្ទឹមនឹងនេះ ប្រមុខយោធាអ៊ីស្រាអែល លោក អ៊ីយាល់ ហ្សាម៊ែរ (Eyal Zamir) បានអនុម័តលើផែនការរបស់រដ្ឋាភិបាល ដើម្បីពង្រីកការវាយលុកនៅតំបន់ហ្គាហ្សា គឺទៅកាន់តំបន់ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ ការវាយលុកនេះនឹងផ្តោតលើជំរុំជនភៀសខ្លួននៅកណ្តាលតំបន់ហ្គាហ្សា និងតំបន់ អាល់ ម៉ាវ៉ាស៊ី (Al Mawasi)  ជាទីដែលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ កំពុងជ្រកកោននោះ។