ក្នុងរយៈពេល 8 ថ្ងៃចុងក្រោយនេះ រថយន្តដឹកទំនិញដែលផ្ទុកដោយជំនួយមនុស្សធម៌ចំនួន 674 គ្រឿងប៉ុណ្ណោះ ត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីថ្ងៃទី 27 ខែកក្កដា នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ជាមធ្យមមានតែរថយន្តជំនួយចំនួន 84 គ្រឿងប៉ុណ្ណោះ ដែលត្រូវបញ្ជូនចូលក្នុងតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ខណៈដែលរថយន្តដឹកទំនិញប្រមាណ 4800 គ្រឿង ត្រូវបានរំពឹងថានឹងបញ្ជូនចូលក្នុងរយៈពេល 8 ថ្ងៃ។ យោងតាមការិយាល័យផ្សព្វផ្សាយ តំបន់ហ្គាហ្សា ត្រូវការរថយន្តជំនួយយ៉ាងហោចណាស់ 600 គ្រឿង និងការផ្គត់ផ្គង់ប្រេងជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់។ យោងតាមអង្គការមូលនិធិកុមារ ជាមធ្យមមានកុមារ 28 នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ដោយសារការទម្លាក់គ្រាប់បែក កង្វះអាហារូបត្ថម្ភ និងការអត់ឃ្លាន។