ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ។

ឯ កឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គដ្ឋានកីឡា បានដឹកនាំក្រុមការងារទៅកាន់ប្រទេសឥណ្តូនេស៊ី ដើម្បីចូលជួបសំដែងការគួរសម និងជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន អំពីវឌ្ឍនៈភាពការងារស្តីពីការត្រៀមរបស់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៧។


  ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅក្នុងជំនួបជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន គឺភាគីកម្ពុជាយើងនឹងជម្រាបជូនអំពីផែនការមេ ដែលជារបៀបវិរៈនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំទាំងពីរ។ ឯកឧត្តម អគ្គនាយក បានអះអាងថា ផែនការមេដែលយើងជម្រាប់ផ្តល់ជូនអគ្គលេខាធិការដ្ឋានអាស៊ាននេះ គឺកិច្ចដំណើរការបន្តរយៈពេល៥ឆ្នាំពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ដែលជាយន្តការអភិវឌ្ឍន៍វិស័យអប់រំកាយនិងកីឡា។


  ឯកឧត្តម អគ្គនាយក បានពន្យល់ទៀតថា កិច្ចប្រជុំទាំងពីរខាងលើដែលកម្ពុជាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦និងឆ្នាំ២០២៧នេះ គឺជាការប្តូរវេនគ្នានៃតួនាទីភារៈកិច្ចប្រទេសក្នុងតំបន់អាស៊ាន ហើយ កិច្ចប្រជុំទាំងពីរនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតផ្តល់សិទ្ធិឱ្យក្រសួងអប់រំយុវជននិងកីឡា។

ឯកឧត្តម សង្ឈឹមជឿជាក់ថា កិច្ចប្រជុំទាំងពីរខាងលើ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ ដោយប្រទេសអាស៊ានទាំងមូល និងទទួលយកនូវផែនការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាដែលជាការរៀបចំរបស់កម្ពុជា។



  បើយោងតាម ការព្ជាក់បន្ថែម ពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គយករដ្ឋានកីឡា បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំ ឧត្តមមន្រ្តីកីឡាអាស៊ានដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នោះ គឺ និងរៀបចំនៅខេត្តសៀមរាប ក្នុងអំឡុង ខែ តុលា ឆ្នាំ២០២៦ ដោយមានប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រមាណជា១០ប្រទេស ក្នុងនោះប្រទេសទីម័រជាអ្នកអង្កេតការណ៍៕