ក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជា Cambodian Premier League បានចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២៥/២០២៦ ហើយកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការប្រកួតសរុបចំនួន ៥គូ។ 

ក្នុងនោះ គូបើកឆាក សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ២-១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ ម៉ៅ ពិសិដ្ឋ និងកីឡាករ ឃន ណារ៉ុង ខណៈ ១គ្រាប់របស់ក្រុមភ្ញៀវវិសាខាធ្វើបានដោយកីឡាករកូរ៉េខាងត្បូង ផាក់ ជុនប៊ីន ។ 

 ១គូទៀតគឺក្រុមបឹងកេត បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះសកលវិទ្យាល័យ Life ខេត្តព្រះសីហនុ ដោយលទ្ធផល ០-២ ធ្វើបានគ្រាប់ទី១ ដោយកីឡាករ ហ្សាប៉ាឡា លូកាស និងគ្រាប់ទី២ ធ្វើបានដោយកីឡាករ ឡាហ្គោប៊េនតូ ។ 

ចំណែកឯក្រុមការងារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងវិញ នៅតែធ្វើបានល្អ ដោយបានយកឈ្នះទៅលើក្រុមបាល់ទាត់ NAGA World ដោយលទ្ធផល ៣-០ ។ ៣គ្រាប់របស់ស្វាយរៀងធ្វើបានដោយកីឡាករ មិន រតនៈ ១គ្រាប់ និងកីឡាករ  ប៉ាត្រីក សម្រេចបាន ២គ្រាប់ម្នាក់ឯង។

ក្រៅពីលទ្ធផលខាងលើ ក៏នៅនៅសល់លទ្ធផល ២គូទៀតគឺក្រុមបាល់ទាត់ Angkor Tiger បានយកឈ្នះក្រុម MOI Kompong Dewa FC យ៉ាងចាស់ដៃនៅក្រៅផ្ទះដោយលទ្ធផល ៣-៦ ខណៈ ១គូចុងក្រោយគឺក្រុម ISI ដង្កោសែនជ័យបានប្រកួតចាញ់ក្រុមគិរីវង្សសុខសែនជ័យនៅក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ១-២ ។ 

ដូច្នេះ ឆ្លងកាត់ការប្រកួតនៅសប្តាហ៍ទី១ នេះ ក្រុម Angkor Tiger ឈរកំពូលតារាងបណ្តោះអាសន្នមាន ៣ពិន្ទុ ជាមួយផលសងគ្រាប់បាល់បូក ៣គ្រាប់ ខណៈ ៤ក្រុមទៀតរួមមាន ព្រះខ័នរាជស្វាយរៀង បឹងកេត សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងគិរីវង្សសុខសែនជ័យ សុទ្ធតែមាន ៣ពិន្ទុដូចគ្នា។ 

គួរបញ្ជាក់ថា ក្របខណ្ឌ Cambodian Premier League រដូវកាលឆ្នាំ២០២៥/២០២៦ នេះ មានសរុបទាំងអស់ចំនួន ១១ក្រុម ខណៈក្រុម MOI Kompong Dewa FC គឺជាក្រុមថ្មីតែមួយគត់ដែលបានបង្ហាញវត្តមាននៅក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ៕