ភ្នំពេញ៖
រថយន្តនិងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយទុករយៈពេល១ខែនិងនាំខ្លួនអ្នកបើកបរទៅធ្វើការអប់រំ។
តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង១៨និង០០នាទី ដល់ ម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូ ចំនួន១៤គ្រឿង និងរថយន្ត ចំនួន ០៣គ្រឿង នៅចំណុច ភូមិ០១ (ប្លុកបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និង បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:។
កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកម្ចាស់រថយន្ត និងម៉ូតូ ទៅអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ-រថយន្តខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណ:ជនតទៅទៀត ព្រមទាំងបានដកហូតរថយន្ត និងម៉ូតូ រក្សាទុកជា បណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល១ខែ ទើបប្រគល់អោយត្រលប់ទៅវិញ៕
