ក្លិបកីឡាវាយសីហ្លួង បានបន្ដរៀបចំពានរង្វាន់លក្ខណៈមិត្តភាព Badminton Loung Club Cup ជាលើកទី២ ដោយជោគជ័យ នៅទីលានកីឡាវាយសី ស៊ីនឌីឃែត ដោយមានកីឡាករ-កីឡាការិនីប្រមាណជាង ៤០នាក់ចូលរួម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ចុងសប្ភាហ៍កន្លងទៅ ។
លោក សុខ ម៉េង សមាជិកគណៈកម្មការនាយកក្លិបកីឡាវាយសីហ្លួង បានគូសបញ្ជាក់ថា ការប្រកួតនេះ មិនផ្ដោតលើលទ្ធផលឈ្នះចាញ់នោះទេ អ្វីដែលសំខាន់ គឺការចូលរួមរបស់សមាជិកក្លិបទាំងអស់ ស្របតាមគោលបំណង នៃការបង្កើតក្លិបនេះឡើង ដើម្បីលើកស្ទួយវិស័យកីឡាវាយសីកម្ពុជា ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព និងលើកកម្ពស់សុខភាព ក៏ដូចជាផ្ដល់នូវភាពជាគំរូដល់យុវជនជំនាន់ក្រោយឲ្យចូលរួមលេងកីឡា និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ។
លោកបានបន្តថា ផ្ដើមពីការបង្កើតក្លិបលេងលក្ខណៈកម្សាន្ដ ដើម្បីសុខភាព ដោយមានទឹកចិត្តស្រលាញ់ និងឆន្ទៈរួមគ្នាចង់ចូលរួមអភិវឌ្ឍវិស័យកីឡានេះ សមាជិកទាំងអស់ ក៏បានសម្រេចចិត្តរៀបចំ និងពង្រីករចនាសម្ព័ន្ធក្លិបកាន់តែធំ ដើម្បីធានានិរន្ដរភាពរបស់ក្លិប ដោយក្លិបបានរៃអង្គាសថវិកាផ្ទាល់ខ្លួនម្នាក់បន្ដិចៗដក់ចូលមូលនិធិរួមមួយ សម្រាប់ប្រើប្រាស់ឲ្យចំទិសដៅ ដូចជាការឧបត្ថម្ភដល់កីឡាករ-កីឡាការិនីអាជីពវ័យក្មេង តាមរយៈការមកហ្វឹកហាត់ដុសខាតសមត្ថភាពជាមួយក្លិប ហើយចែករំលែកបទពិសោធន៍ និងបច្ចេកទេស ដល់សមាជិកក្លិបជាដើម។
ជាមួយគ្នាដែរ ឯកឧត្តម ឧត្តមសនីយ៍ទោ ជាម សុភា អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង ក្នុងការបំផុសសកម្មភាពកីឡាដល់មនុស្សគ្រប់វ័យ ហើយលោកក៏បានអរគុណ ចំពោះសប្បុរសជន និងក្រុមហ៊ុនដៃគូទាំងអស់ ដែលបានសហការគាំទ្រជំរុញឲ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ លើសពីនេះ ឯកឧត្តម បានចាត់ទុកសកម្មភាពរបស់ក្លិបវាយសីហ្លួង គឺជាគំរូមួយ ដែលបើកទូលាយឲ្យអ្នកចេះលេង ឬមិនចេះលេងសីបានចូលរួមជាសមាជិក ថែមទាំងមានមូលនិធិសម្រាប់ជួយគាំទ្រដល់កីឡាករ-កីឡាការិនីអាជីពវ័យក្មេងកម្ពុជា ដើម្បីជំរុញពួកគេឲ្យខំប្រឹងហ្វឹកហាត់ និងមានឱកាសឈានទៅប្រកួតអន្ដរជាតិទៀតផង។
ក្រៅពីនេះ សកម្មភាពនានាក្នុងវិស័យកីឡា ក្លិបក៏បានចូលរួមក្នុងការងារសង្គមផងដែរ ជាក់ស្ដែងក្រោយមានជម្លោះព្រំដែនកម្ពុជា-ថៃ ក្លិបកីឡាវាយសីក្មេងខ្ចីមួយនេះ ក៏បានរៃអង្គាសថវិកាពីសមាជិកក្លិប និងមានការចូលរួមពីសប្បុរសជននានា ដោយទទួលបានប្រមាណ ៧ពាន់ដុល្លារ យកទៅប្រគល់ជូនដល់វីរកងទ័ពរជួរមុខ កាលពីថ្មីៗផងដែរ៕
