ក្រុមឈើតុំខេត្តពោធិ៍សាត់បានបន្តគ្រប់គ្រងដំណែងលើកំពូលតារាង ក្នុងពូល(ឃ) បណ្តោះអាសន្ន បន្ទាប់ពីប្រជែងបាន៣ពិន្ទុពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ១-០ ខណៈក្រុមបាត់ដំបងយូណាយធីត និងខេត្តបន្ទាយមានជ័យ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា ៣-៣ នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៦ ក្នុងពូល ឃ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ រដូវកាល ២០២៥-២៦។
១គ្រាប់ជ័យជម្នះរបស់ក្រុមឈើតុំខេត្តពោធិ៍សាត់ធ្វើសម្រេចលើក្រុមម្ចាស់ផ្ទះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង នៅនាទី៧៨ ដោយកីឡាករ ម៉ាន សឹមរី។ ឆ្លងកាត់៣ប្រកួត ក្រុមក្រុមឈើតុំខេត្តពោធិ៍សាត់ ឈ្នះទាំង៣ប្រកួតមាន៧ពិន្ទុ ឈ្នះ២ ស្មើ១ ឈរនៅលេខ១ ក្នុងពូល ឃ។ ចំពោះ២ប្រកួតរបស់ក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ចាញ់ទាំង២ប្រកួត ឈរនៅលេខ៤ ក្នុងចំណោម៤ក្រុមក្នុងពូល(ឃ) ។
សម្រាប់១ប្រកួតទៀត ក្នុងជំនួបសប្តាហ៍ទី៦នេះដែរ រវាងក្រុមបាត់ដំបងយូណាយធីត និងខេត្តបន្ទាយមានជ័យ គឺក្រុមម្ចាស់ផ្ទះ ក្រុមខេត្តបាត់ដំបងបានបើកការនាំមុខ១គ្រាប់មុន នៅវគ្គទី១ ដោយរកបានដោយកីឡាករ យ៉ន ធារ៉ាត់ នៅនាទី៣៨។ ចូលដល់វគ្គទី២ ក្រុមបន្ទាយមានជ័យរកបាន១គ្រាប់តាមស្មើ នៅនាទី៧៦ ដោយកីឡាករ គឹម ហុងលី ហើយកីឡាករ ថុង សុភាព ធ្វើសម្រេចគ្រាប់ទី២បើកការនាំមុខជាថ្មីឡើក្រុមម្ចាស់ផ្ទះ នៅនាទី៧៥ ហើយនៅនាទី៨០ កីឡាកររកបានគ្រាប់ទី១ គឹម ហុងលី រកបានគ្រាប់ទី៣ជូនក្រុម នៅនាទី៨០។ ទោះបីជានៅសល់ជាង១០នាទីក្តីមុនបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ បាត់ដំបងយូណាយធីត ធ្វើសម្រេចបាន២គ្រាប់តាមស្មើវិញ ដោយរកបាននៅនាទី៨៦ ដោយកីឡាករ យ៉ន តុលា និងកីឡាករ វៀង វិសាល នៅនាទី៩០+៦។
ជាមួយនឹងការស្វែងរកបាន១ពិន្ទុបន្ថែមដូចៗគ្នា ធ្វើឱ្យក្រុមបាត់ដំបងយូណាយធីត រក្សាបានដំណែងលេខ២បណ្តោះអាសន្ន ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងស្មើ១ និងចាញ់១ប្រកួត មាន៤ពិន្ទុ ខណៈ២ប្រកួតរបស់ខេត្តបន្ទាយមានជ័យ មាន២ពិន្ទុ ក្រោយស្មើទាំង២ប្រកួត ឈរលេខ៣បណ្តោះអាសន្ន។
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ថ្នាក់ខេត្ត ឆ្នាំ២០២៥-២០២៦ មានក្រុមតំណាងរាជធានីខេត្តសរុប ១៩ក្រុមចូលរួម ដោយចែកចេញជា៥ពូល ហើយដំណើរការប្រកួតវគ្គជម្រុះក្នុងពូលទាំង៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមទាំងទាំងក្នុងពូលទាំង៥ ត្រូវប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលរៀងៗខ្លួន ចំនួន២ជើង ក្នុងដី និងក្រៅដី ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ក្រុមជ័យលាភីថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតជម្រុះបន្តជាមួយក្រុមនានាដែលកំពុងឈរជើងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឬជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ១១ក្រុម ហៅថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕
