ជាការពិតណាស់ ក្រោយពេលស្ថានភាពនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានការស្ងប់ស្ងាត់ពីស្នូរអាវុធយុទ្ធភណ្ឌទៅហើយក្តី ក៏ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក ទាំងនោះ នៅមិនទាន់អាចវិលត្រលប់ទៅកាន់ទីលំនៅរបស់ខ្លួនបានទាំងស្រុងនៅឡើយទេ។
ជាមួយគ្នានេះ ដ្បិតថា មានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ បានចូលជាធរមានកាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ២៤:០០ ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ប្រជាជនថៃជាច្រើន រួមទាំងតារា និងអ្នកបង្កើតមាតិកាល្បីៗនៅក្នុងប្រទេសថៃ បែរជាកំពុងលាបពណ៌កម្ពុជានៅលើបណ្តាញសង្គមទៅវិញ ដោយបានបង្កើតព័ត៌មានក្លែងក្លាយជាហូរហែ។
ដោយឡែក ក្រោយពេលអនុវត្តបទឈប់បាញ់ភ្លាមៗ ស្រាប់តែទាហានថៃបានលេងល្បិចដ៏ស្មោកគ្រោកទៅវិញ ដោយបានចាប់យកទាហានខ្មែរចំនួន ២០ នាក់ទៅប្រទេសថៃ លុះមកដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ទាហានថៃទាំងនោះបានបញ្ជូនទាហានខ្មែរត្រលប់មកកាន់មាតុភូមិវិញតែ ២ នាក់ប៉ុណ្ណោះ ដោយក្នុងនោះ ទាហានខ្មែរមួយរូបស្ថិតនៅក្នុងស្ថានភាពរងរបួសរាងកាយ និងទាហានខ្មែរមួយរូបទៀតរងរបួសផ្លូវចិត្តមានសតិមិនប្រក្រតី។
ដោយរងនៅការឈឺចាប់ ទាំងការឈ្លានពានទឹកដី និងការចាប់យកទាហានខ្មែរទាំង ២០ នាក់ពីសំណាក់ទាហានថៃ និងការបំភ្លៃព័ត៌មានលើសពីការពិតពីសំណាក់ប្រជាជនថៃ បានធ្វើឱ្យកម្ពុជាមានការឈឺចាប់ និងប៉ះពាល់ដល់កិត្តិយសប្រទេសជាខ្លាំង រហូតធ្វើឱ្យតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា បានបញ្ចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “១ សីហា” កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ ដែលជាបទចម្រៀងបង្ហាញពីសំឡេងដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា និងបង្ហាញពីការដឹងគុណដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ការពារទឹកដីពីសត្រូវឈ្លានពានយ៉ាងអង់អាចក្លាហានដោយមោទនភាព៕
