ភ្នំពេញ៖
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន រួចវាយទាត់ធាក់ទ្រោមខ្លួន ក្រោយពីរូបគេ ធ្វើសកម្មភាពលួចបានម៉ូតូ១គ្រឿងជិះយកទៅទុកនៅផ្ទះជួលមួយកន្លែង បន្ទាប់មក បានលួចភេសជ្ជៈម្ចាស់ផ្ទះខាងលើ ។ ប៉ុន្តែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោ ជននោះក៏បានរត់ចូលក្នុងភូមិ លុះក្រោយមក លួចបានម៉ូតូ១គ្រឿងទៀតជិះដេញបុកម្ចាស់ផ្ទះជួលខាងលើ ប៉ុន្តែម្ចាស់ផ្ទះនោះគេចចេញទាន់ ហើយជនសង្ស័យដួលម៉ូតូ ទើបប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្ដង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាជនសង្ស័យឈ្មោះគា ចាន់ថៃ អាយុ៣៥ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៌ប្រផេះអត់ស្លាកលេខដែលជាកម្មសិទ្ធិរបស់ឈ្មោះដែន មីល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និង១គ្រឿងទៀតម៉ាកHonda ZOOMER-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GZ-8100 គឺជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ែន វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែក ម្ចាស់ផ្ទះជួលដែលត្រូវជនសង្ស័យជិះម៉ូតូដេញបុកនោះឈ្មោះង៉ុក ស ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ហើយនៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរូស ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មក ជិះយកទៅទុកនៅចំណុចផ្ទះជួលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រួចហើយ ធ្វើសកម្មភាពលួចទឹកសុទ្ធនិងភេសជ្ជៈរបស់ម្ចាស់ផ្ទះ ប៉ុន្តែម្ចាស់ផ្ទះឃើញទាន់ ជននោះក៏បានរត់ចូលក្នុងភូមិត្រពាំងជ្រៃនោះ ចំណែកម្ចាស់ផ្ទះបានដេញតាម តែដេញមិនទាន់ឡើយ រួចក៏ដើរត្រលប់មកផ្ទះវិញ ។
ប្រភពដដែលបានឲ្យដឹងបន្តថា លុះក្រោយមកជនសង្ស័យលួចបានម៉ូតូ១គ្រឿងទៀតម៉ាកHonda ZOOMER-X ពណ៍ខ្មៅ រួចជិះដេញបុកម្ចាស់ផ្ទះជួលខាងលើ ប៉ុន្តែម្ចាស់ផ្ទះនោះគេចទាន់ ហើយជនសង្ស័យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋឃាត់បានវាយទាត់ធាត់ទ្រោមខ្លួន រួចទើបប្រគល់ឲ្យនគរបាល ប៉ុស្តិ៍កាកាបទី២នាំទៅសាកសួរ និងចាត់ការតាមច្បាប់ ៕
