ដោយការមើលឃើញនូវការលំបាក ខ្វះខាត និងឃើញនូវការខិតខំប្រឹងហ្វឹកហាត់របស់ប្អូនៗកីឡាករ កីឡាការិនី  ជាពិសេសនោះជាទឹកចិត្តស្រលាញ់នូវវប្បធម៍ក្បាច់បុរាណខ្មែរ របស់លោកគ្រូអ្នកគ្រូ ជាអ្នកស្នងមរតកដូនតាខ្មែរ ដែលមានឆន្ទៈជួយបង្ហាត់បង្រៀន និងបើកជាសមាគមក្លឹប ដើម្បីជាភាពងាយស្រួលក្នុងការបង្ហាត់ដល់ក្មេងៗជំនាន់ក្រោយ និងចូលរួមថែររក្សាអត្តសញ្ញាតិក្បាច់គុនខ្មែរមួយនេះកុំឲបាត់បង់ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែងតែជួយឧបត្ថម្ភថវិការ រ គ្រឿងបរភោគ និងសម្ភារៈមួយចំនួន សម្រាប់សាងសង់ក្លឹបប្រដាល់គុនខ្មែរនិងទឹកចិត្តដ៏សប្បុរសនេះ បានឆ្លុះបញ្ជាំងនូវគុណធម៌ មេត្តាធម៌ជួយដល់កូនចៅក្នុងគ្រាលំបាក ។ 

ទៀតសោធនាថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ កន្តងទៅថ្មីៗនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះសួរសុខទុក្ខដល់ក្លឹបប្រដាល់គុនខ្មែរចំនួនពីរ គឺក្លឹបលោកគ្រូ ម៉ន់ មាណ ដែលមានឈ្មោះថា (ក្លឹបប្រដាល់ការិយាល័យទី៥ ព្រែកឯងកីឡា) និងក្លឹបលោកគ្រូ ប្រាក់ យ៉ា  ដែលមានឈ្មោះថា (ក្លឹបប្រដាល់តាឯកដំបងដែកមានឫទ្ធិខេត្តព្រៃវែង) ស្ថិតនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកអង្ករ ចំនួន ១០០គីឡូក្រាម ថវិកា ១លានរៀល ជូនដល់ក្លឹបលោកគ្រូ ម៉ន់ ម៉ាណ ចំណែកក្លឹបលោកគ្រូ ប្រាក់ យ៉ា ជូន អង្ករ ចំនួន ១០០គីឡូក្រាម ថវិកា ១លានរៀល និងជួយធ្វើរោងហ្វឹកហាត់តម្លៃ ១០០០ដុល្លារអាមេរិកផងដែរ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែល្អប្រសើរ ក៏ដូចជាត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតទាំងថ្នាក់ជាតិ-អន្តរជាតិ នាពេលខាងមុខ ដែលជាការលើកស្ទួយគុនខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀត។ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ  គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីរបស់ ក្លឹបប្រដាល់គុនខ្មែរទាំងពីរ បានសម្តែងនូវការគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលបានជួយជ្រោមជ្រែង យកចិត្តទុកដាក់ ឧបត្ថម្ភ គាំទ្រចំពោះក្លឹបប្រដាល់ដែលកំពុងខ្វះខាត ដើម្បីជាការបង្កើតសកម្មភាពហ្វឹកហាត់ បណ្ដុះបណ្ដាលធនធានថ្នាល ត្រៀមប្រកួតទាំងលើឆាកជាតិ និង អន្តរជាតិនាៗ នាពេលខាងមុខ។

ជាពិសេសស្របពេលដែលសព្វថ្ងៃថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងតែដឹកនាំគុនខ្មែរឲ្យមានភាពល្បីល្បាញល្អប្រសើរទូទាំងពិភពលោក ជាបណ្ដើរៗផងនោះ។