បាត់ដំបង៖ 

រថយន្តវេអងធុនធ្ងន់០១គ្រឿងសង្ស័យបែកកង់បានរ៉េចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងក្បាលទៅផ្សេងកន្ទុយទៅផ្សេង នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ ដំបូងឡើយ គឺឃើញរថយន្តវេអង០១គ្រឿង ដែលមានផ្លាកលេខខាងក្រោយ ភ្នំពេញ4B-0919 និងខាងមុខ ភ្នំពេញ3E-8366 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងដឹកស្ករសពីភ្នំពេញ ទៅខេត្តបន្ទាយមានជ័យ។

លុះមកដល់ចំណុចកើតហេតុខាងលើបានបែកកង់ផ្នែកខាងមុខមួយគ្រាប់ ក៏បណ្ដាលឲ្យ រ៉េចង្កូតធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងចាក់ស្ករសចោល តែសំណាងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឬអ្នករួមដំណើរឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនរថយន្តបាននាំយករថយន្តផ្សេងទៀតមកសាងអីវ៉ាន់ចេញដើម្បីស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕