លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងបញ្ជាក់ថា រុស្ស៊ី ចង់ឲ្យបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈមធ្យោបាយសន្តិភាព។ ថ្លែង បន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា រុស្ស៊ីគោរពជំហររបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលចង់ឲ្យបញ្ឈប់ការប្រយុទ្ធគ្នាឲ្យបានឆាប់រហ័ស ហើយរុស្ស៊ីក៏ចង់បន្តដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។ លោកប្រធានាធិបតី ពូទីន បានបន្តថា លោកបានពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ អំពីប្រភពដើម និងមូលហេតុនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងបានសង្កត់ធ្ងន់ថា មានតែការកម្ចាត់នូវឫសគល់ទាំងនេះទេ ទើបអាចមានសន្តិភាពឡើងវិញ។ គួរបញ្ជាក់ផងដែរថា ជំនួបកំពូលរវាងលោកប្រធានាធិបតី ត្រាំ និងពូទីន បានបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនោះទេ ខណៈដែល កិច្ចពិភាក្សាដែលមានរយៈពេលជាង 3 ម៉ោង ផ្តោតចម្បងលើវិបត្តិនៅប្រទេសអ៊ុយក្រែន និងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីរុស្ស៊ី អាមេរិក ដែលបានជាប់គាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។