ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្ត LEXUS RX350 ជាន់ថយក្រោយមួយទំហឹង ជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យខូចខាត ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមការបញ្ជាក់ពីពលរដ្ឋក្បែរកន្លែងកើតហេតុបានអោយដឹងថា គេ ឃើញរថយន្ត KIA MORNING ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-7525 ឈប់ចតនៅមុខហាងកាត់សក់១កន្លែង លើកំណាត់ផ្លូវលេខ៥៣។ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្ត១គ្រឿងទៀត ម៉ាក LEXUS RX350 ពណ៌ស បើកបរដោយបុរសម្នាក់ សង្ស័យច្រលំហ្គែរ ស្មានថាជាហ្រ្វាំងថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ជ្រុលទៅបុករថយន្ត KIA ដែលចតចោលនោះ បណ្តាលក្រឡាប់រថយន្ត KIA ។ រីឯរថយន្តឡិចស៊ីស បានកល់កង់ បណ្តាលអោយបាស់គូទឡើងទៅលើ ដូចថតរឿងកុន សំណាងមិនមានរងរបួស ដល់អ្នកបើកបរនោះទេ ។ 

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ក្នុងនោះភាគីខាង LEXUS បានសងសំណងការខូចខាតទៅកាន់ភាគីខាងរថយន្ត KIA ដើម្បីបញ្ចប់រឿងតែម្តង ៕