ភ្នំពេញ៖
បុរសពីរនាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកឯបុរសម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឆ្លងស្តុប ក៏ត្រូវបានរថយន្តស៊េរីទំនើប BMW បើកបរដោយយុវជនជាអ្នកប្រណាំងឡានម្នាក់ក្នុងល្បឿនលឿនដូចហោះ ទៅបុករះប៉ើងទៅផ្ទប់លើរបងការ៉ាសសាំងលីហៀង រួចបន្តល្បឿនបើករត់ទៅបុកកង់បីមួយគ្រឿងទៀតនិងបង្គោលស្លាកសញ្ញាបាក់១ដើម ទើបទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ កើតឡើងនាវេលាម៉ោង១:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចំណុចស្តុប២៤ម៉ោង ស្ថិតនៅលើផ្លូវភ្នំពេញហាណូយកែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេត គេឃើញម៉ូតូជនរងគ្រោះ២គ្រឿង ១គ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1M-4166 និងមួយគ្រឿងទៀតម៉ាក កាហ្វេ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HU-7883 ជិះតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅស្របគ្នាពីត្បូងទៅជើង។
លុះពេលជិះមកដល់ចំណុចកើតហេតុស្តុប២៤ម៉ោងផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាកBMW ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា YUTH.F80 បើកបរដោយយុវជនម្នាក់ ជាអ្នកប្រណាំងឡានធ្វើដំណើរចេញពីផ្លូវសម្តេចជាស៊ីមទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនដូចហោះឆ្លងស្តុប ក៏ជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំង២គ្រឿងប៉ើងទៅផ្ទប់និងរបងការ៉ាស់សាំងលីហ៊ាង បណ្តាលឲ្យស្លាប់នៅនិងកន្លែងទាំង២នាក់ ហើយរថយន្តបង្កមិនព្រមឈប់ បានបន្តល្បឿនអូសម៉ូតូ១គ្រឿងតាមរហូតទៅបុកកង់បីឥណ្ឌានិងបង្គោលស្លាកសញ្ញាបណ្តាលឲ្យអ្នកកង់បីម្នាក់ទៀតរងរបួសស្រាល ពេលនោះជនបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានឃាត់អ្នកបើករថយន្តបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះរួមទាំងកង់បីមួយគ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយចំណែកឯសពចំនួនពីរនាក់សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសាររៀងៗខ្លួនយកបុណ្យតាមប្រពៃណី៕