ខណៈដែលសង្រ្គាម ការប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែននៅតែបន្តផ្ទុះឡើង និងខណៈពេលដែលពិភពលោកកំពុងរងចាំសម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ ទី15 ខែសីហា ខាងមុខរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី ពូទីន នោះ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានបញ្ចេញនូវសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ បញ្ជាក់ពីជំហររបស់ប្រទេសអ៊ុយក្រែនលើការដោះស្រាយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃ លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ផ្លូវឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ត្រូវតែកំណត់រួមគ្នាជាមួយប្រទេសអ៊ុយក្រែន ដែលនេះ គឺជាមូលដ្ឋានគ្រឹះ ហើយអ៊ុយក្រែននឹងមិនអនុញ្ញាតឲ្យមានការប៉ុនប៉ងបែងចែកទឹកដីនោះទេ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានរំលឹកឡើងវិញនូវការបើកចំហរបស់ប្រទេសអ៊ុយក្រែន ចំពោះកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដ ប៉ុន្តែក៏បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការធ្វើសម្បទានទឹកដីនោះទេ។
