តាមរយៈទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ ដែលគ្រោងនឹងរៀបចំឡើងវិញ នៅថ្ងៃទី៣១ ខែសីហា នឹងក្លាយជាចលនារួបរួមបង្ហាញគោលបំណងរបស់ពលរដ្ឋ និងប្រទេសកម្ពុជា ចង់បានសន្តិភាពជាមួយប្រទេសជិតខាង ប្រាប់ទៅកាន់ពិភពលោកឱ្យដឹងឮ។ បើតាមការអះអាងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រឹត្តិការណ៍រត់ប្រណាំងនេះ នឹងបង្ហាញការគាំទ្រជនភៀសសឹក និងកងទ័ពជួរមុខការពារទឹកដីកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រឹកថ្ងៃទី១២ សីហា អ្នករៀបចំព្រឹត្តិការណ៍ បានប្រកាសដាក់ឱ្យរៀបចំព្រឹត្តិការណ៍នេះជាថ្មី នៅថ្ងៃទី៣១ ខែសីហា ក្រោយប្រកាសផ្អាកជាងមួយសប្តាហ៍រួចមក។ ការប្រកាសរៀបចំឡើងវិញនេះ អ្នករៀបចំក៏បានបង្វែរប្រធានបទការរត់ពីមុន ទៅជាការរត់ដើម្បីសន្តិភាព ភាពសុខសាន្តពលរដ្ឋ ការរួមថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ការគាំទ្រជួយដល់កងទ័ពជួរមុខការពារទឹកដីកម្ពុជា និងជួយដល់ពលរដ្ឋភៀសសឹក។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថាការរៀបចំឱ្យព្រឹត្តិការណ៍រត់ឡើងវិញនេះគឺដើម្បីបន្តរួមចំណែកក្នុងការរក្សាសកម្មភាពសង្គមឱ្យត្រឡប់មកនៅភាពដដែល បន្ទាប់សំណើសុំការរៀបចំមានការគាំទ្រពីសំណាក់ស្ថាប័ន NOCC និងសំណូមពរពីសំណាក់អ្នកនិយមកីឡារត់ដែលបានចុះឈ្មោះរត់។ នេះក៏ដើម្បីរួមចំណែកក្នុងស្មារតីជាតិនិយម ជាមួយពលរដ្ឋកម្ពុជា បង្ហាញចលនារួបរួមគ្នា បង្ហាញការគាំទ្រលើកទឹកចិត្តដល់កងទ័ពជួរមុខកំពុងឈរជើង និងបង្ហាញក្តីនឹករលឹកទៅកាន់ពលរដ្ឋបានភៀសសឹក អំឡុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ ពេលកន្លងមក។
ឯកឧត្តម អគ្គលេខាធិការ NOCC ក៏បានបញ្ជាក់ទៀតថា អ្នករៀបចំ នឹងធ្វើផ្ទាំងបដាបង្ហាញអំពីសារនានា ដែលគោលបំណងចង់បានសន្តិភាព ពីការរៀបចំរបស់ទិវារត់ប្រណាំងនេះ ឱ្យអ្នកចូលរួមបានយល់ដឹង ជាពិសេសអ្នករត់ជាជនជាតិបរទេសឱ្យកាន់តែជ្រាបអំពីស្ថានភាពកំពុងកើតមាននៅប្រទេសកម្ពុជា ដែលរងការបំពានពីសំណាក់ប្រទេសជិតខាងយ៉ាងគឃ្លើន។
លើសពីនេះថវិកាមួយចំណែកទទួលបានពីទិវានេះ ក៏នឹងបែងចែកដើម្បីចូលរួមជួយដល់កងទ័ពជួរមុខរបស់កម្ពុជា និងជួយដល់ពលរដ្ឋភៀសសឹកជួបទុក្ខលំបាក ក្រោយជម្លៀសចេញពីផ្ទះសម្បែងពេលកន្លងមក។
