(ភ្នំពេញ)៖
គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្របទឈប់បាញ់ និង វិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយ សហរដ្ឋអាមេរិក នឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ។
នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកស្រី Beth Van Duyne (ប៊ែត វែន ឌុយនី) សមាជិកសភាប្រចាំរដ្ឋ Texas (តិចសាស់) រួមនិងលោកវេជ្ជបណ្ឌិត Richard McCormick (រីឆាត មែក ខរមីក) សមាជិកសភាប្រចាំរដ្ឋ Georgia (ចរ ជៀ) និងលោក Suhas Subraanyam (ស៊ូហាស់ ស៊ូប្រាអែនយែម) សមាជិកសភាប្រចាំរដ្ឋ Virginia (វឺរជីនៀ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកស្រី Beth Van Duyne (ប៊ែត វែន ឌុយនី) បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកប ដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។
លោកស្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកស្រីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស លើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះលោកស្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។
សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេច បាននាពេលកន្លងមក គឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ជូនលោកស្រីថា កម្ពុជាថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃបានឆាប់រហ័ស។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា បទឈប់បាញ់នេះ បានជួយ សង្គ្រោះអាយុជីវិតជាច្រើននាក់។ ហេតុនេះហើយ បានកម្ពុជាស្នើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump (ដូណាល់ ជេត្រាំ) សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump ដែលលោកបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានបទឈប់បាញ់នេះ៕
