កាលពីព្រឹកថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបន្តបេសកកម្មសប្បុរសធម៌នាំយកអំណោយទៅចែកជូនវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពដែនដីនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ បេសកកម្មលើកនេះដឹកនាំដោយលោក ឌឿ ច័ន្ទសាលុច តំណាងលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងក្រោមការចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាផងដែរ។
សម្រាបការនាំយកអំណោយទៅចែកជូននេះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាមិនបានចូលទៅដល់តំបន់សមរភូមិជួរមុខឡើយ ពោលក្រុមទាំងមូលគោរពតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ អំណោយត្រូវបានប្រគល់ជូនវីរៈកងទ័ពដែលរង់ចាំទទួលនៅកន្លែងកំណត់យ៉ាងជាក់លាក់។ នេះគឺជាបេសកកម្មលើកទី២ ហើយសម្រាប់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្នុងការនាំយកអំណោយមកចែកជូនវីរៈកងទ័ព ខណៈលើកទី១ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបាននាំយកអំណោយទៅចែកជូនវីរៈកងទ័ព និងជនភៀសសឹកជាច្រើនគ្រួសារម្តងរួចមកហើយ។ ក្រៅតែពីការងារសប្បុរសធម៌នេះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមដូចជាការចូលរួមបរិច្ចាគឈាមបំបែកកំណត់ត្រាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបជាបន្តបន្ទាប់ ហើយក្រុមមួយនេះនៅមានផែនការជាច្រើនទៀតសម្រាប់សង្គមជាតិកម្ពុជា៕
