លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងបន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុបនៅសេតវិមានកាលពីថ្ងៃចន្ទ ទី18 ខែសីហាថា លោក កោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការធានាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី ត្រាំ បាននិយាយទៅកាន់លោកប្រធានាធិបតី ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែននៅក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាម។ លោក ហ្សេលេនស្គី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីសម្ព័ន្ធមិត្តអ៊ឺរ៉ុប ដោយបានសរសើរកិច្ចប្រជុំកំពូលនេះថាជាជំហានឆ្ពោះទៅរក "សន្តិភាពពិតប្រាកដ" និងជា "ការបង្ហាញនៃការរួបរួមពិតប្រាកដរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក"។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានបញ្ជាក់ថា លោក បើកចំហរក្នុងការរៀបចំការបោះឆ្នោត ប្រសិនបើសង្គ្រាមជាមួយរុស្ស៊ីឈានដល់ទីបញ្ចប់។ គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតនៅក្នុងប្រទេសអ៊ុយក្រែន បច្ចុប្បន្នត្រូវបានផ្អាកក្រោមច្បាប់អាជ្ញាសឹក។
