ភ្នំពេញ៖
ករណីប្រទះឃើញយុវជនជនជាតិចិនម្នាក់ស្លាប់ដេកនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខ សាលាបឋមសិក្សាទួលកី ស្ថិតក្នុងភូមិព្រែកកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង១៥នាទី ទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ពុំមិនមែនឃាតកម្មទេ គឺជាករណីចាប់ បង្ខាំង ។ ដោយជនរងគ្រោះភ័យពេកបានលោតចុះពីរថយន្ត ក៏ធ្លាក់ស្លាប់ ហើយក្រោយ ពេលកើតហេតុ១ថ្ងៃ ប៉ុណ្ណោះ នគរបាលធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ដែលជាជនជាតិខ្មែរ២នាក់ ។
នគរបាលបានប្រាប់ថា ជនសង្ស័យទី១-ឈ្មោះ នៅ គីមហ៊ាច ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះសួង រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ពួកគេត្រូវបានកម្លាំង នគរបាលការិយា ល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០១ និងថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២៥កន្លងមកនេះ ។ ចំណែកជនរងគ្រោះដែលស្លាប់មាន ឈ្មោះ WU YONG LONG ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិចិន កាន់លិខិតឆ្លង ដែនលេខ EQ២០៨០៣៦៨ ហើយពុំស្គាល់កន្លែងស្នាក់នៅនោះទេ ។ ករណីនេះនេះគឺជាការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស បណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងនិងធ្វើឲ្យស្លាប់ ដោយ(ជនរងគ្រោះលោតពី លើរថយន្តបណ្ដាលឲ្យស្លាប់) ។
នគរបាលបានប្រាប់ទៀតថា ក្រោយពេលឃាត់ខ្លួនសួរនាំ ជនសង្ស័យបានសារភាពថា
ពួកគេបានចាប់ជនរងគ្រោះ នៅម្ដុំមុខអាកាសយាន្តអន្តរជាតិភ្នំពេញ ក្នុងបំណងយក ទៅកន្លែងអនឡាញ លើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត។ ប៉ុន្តែពេលទៅដល់ចំណុចកើត ហេតុខាងលើ ពួកគេបានចាប់ដកទូរស័ព្ទពីជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រាស់ រួចបើកទ្វាររថយន្តលោតចុះ បណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើខាងលើត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
