ភ្នំពេញ៖គ្រូបង្ហាត់ប្រដាល់គុនខ្មែរនៅក្លឹបប្រដាល់ស្ទឹងត្រង់តេជោគុនខ្មែរ គឺលោក គ្រូរិទ្ធ អារុន បានថ្លែងអំណរគុណដល់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានជួយឧបត្ថម្ភគាំទ្រ ព្រមទាំងជួយទ្រទ្រង់ទាំងសម្ភារៈហ្វឹកហាត់ និងថវិការ ដើម្បីបំរើដល់ការហ្វឹកហាត់ប្រចាំថ្ងៃ ធ្វើយ៉ាងណាឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែភាពរីកចម្រើនទៅមុខ ជាពិសេសការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាករិនីថ្នាលចេញពីស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាមផ្ទាល់។
តាមរយៈការបង្ហោះនៅលើគណនីបណ្ដាញសង្គមផ្ទាល់របស់លោក គ្រូរិទ្ធ អារុន ដែលជាគ្រូបង្ហាត់ផ្ទាល់បានបញ្ជាក់ថា «ខ្ញុំបាទលោកគ្រូរិទ្ធអារុនជាគ្រូបង្ហាត់នៅក្លឹបស្ទឹងត្រង់តេជោគុនខ្មែរ ខ្ញុំបាទសូមថ្លែងអំណរអរគុណទៅដល់លោកឯកឧត្តមខូវឆាយប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។ដែលលោកបានផ្ដល់ជាជំនួយផ្ទាល់ខ្លួនរបស់លោក មកជួយទ្រទ្រង់ក្លឹបស្ទឹងត្រង់តេជោគុនខ្មែរជាទឹកលុយក្នុងមួយខែៗចំនួន2លាន4សែនរៀលជារៀងរាល់ខែ ហើយនិងអង្ករចំនួន200 គីឡូក្រាមជារៀងរាលខែផងដែលថែមទាំងសម្ភារៈហាត់កីឡារួមនិងគ្រឿងបរិភោគជាច្រើនទៀត។
ជាចុងក្រោយខ្ញុំបាទរួមនិងកូនសិស្សទាំងអស់គ្នាសូមជូនពរសូមឲ្យឯកឧត្តមជួបតែសំណាងល្អនិងសុខភាពល្អសូមឲ្យប្រកបកិច្ចការងារអ្វីៗបានដូចបំណង ។»
គួររំលឹកថា នេះមិនមែនជាលើកទី១ នោះទេ ដែលប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរវ័យក្មេងឯកឧត្តម ខូវ ឆាយ តែងតែចុះជួបផ្ទាល់ និងជួយជ្រោមជ្រែង ឧបត្ថម្ភ គាំទ្រ ដល់បណ្ដាក្លឹបប្រដាល់គុនខ្មែរ ដែលកំពុងខ្វះខាត មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្ដាលខេត្តនោះ ទេ ជាពិសេស ឯកឧត្តម ប្រធាន បានជួយឧបត្ថម្ភ និងសាងសងក្លឹបប្រដាល់គុនខ្មែរជាច្រើន នៅខេត្តបាត់ដំបង ខេត្តកណ្ដាលជាយរាជធានីភ្នំពេញ ក៏ដូចជាថ្មីៗនេះ នៅខេត្តកំពង់ចាមជាដើម។
ហើយក្រៅពីការចុះពិនិត្យជាក់ស្ដែង ការជួយឧបត្ថម្ភគាំទ្រក្លឹប ការជួយសាងសងក្លឹបប្រដាល់ហើយនោះ ឯកឧត្តមប្រធានសហព័ន្ធ បានចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយបណ្ដាដៃគូ សហការ ជួយឧបត្ថម្ថគាំទ្រ វិស័យគុនខ្មែរ ពីគ្រប់មជ្ឈដ្ឋានរួមគ្នា ធ្វើយ៉ាងណាដឹកនាំវិស័យគុនខ្មែររបស់យើង ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀតផង។






