ពានរង្វាន់បាល់ទាត់សប្បុរសធម៌ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា រដូវកាលទី៣ ឆ្នាំ២០២៥ ត្រូវបានដំណើរការតាំងពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៥។ មកដល់ពីនេះ ការប្រកួត បានប្រព្រឹត្តទៅចំនួន ១០ប្រកួតហើយ។ ចំពោះ ៩ប្រកួតកន្លងទៅ លោក Dori បញ្ជាក់ថា តំណាងក្រុមដែលចូលរួមបានវេរថវិកា ចូលទៅកាន់គណនេយ្យធនាគាររបស់មន្ទីរពេទ្យគន្ធបុប្ផា និងមួយចំនួនទៀត ទៅមន្ទីរពេទ្យកុមារអង្គរ។រីឯការប្រកួតលើកទី១០ នាថ្ងៃទី១០ សីហា ការប្រកួតរវាងក្រុម Vlogger All Star និងក្រុម Golden Buffalo Khmer United Fc ប្រមូលបានថវិកាចំនួន ៦៩៣៥ដុល្លារ។ លោក Dori បញ្ជាក់ថាថវិកានោះ នឹងបង្វែរទិសដៅពីជួយការជួយមន្ទីរពេទ្យ ទៅគាំទ្រដល់កងទ័ពជួរមុខកម្ពុជាវិញ។
សរុបថវិកា ការប្រកួតចំនួន ១០លើក ពានសប្បុរសធម៌មួយប្រមូលបានថវិកា ចំនួន ២២២៤៥ ដុល្លារ។។ ចំនួនថវិកា កើនឡើងបើធៀបទៅ ២រដូវកាលកន្លងទៅ។ ២រដូវកាលកន្លងទៅ ទទួលបានថវិកាសរុបជាង២ម៉ឺនដុល្លារ ដោយក្នុងនោះ រដូវកាលទី១ នៅឆ្នាំ២០២២ ទទួលបានថវិកា ១៧៦០៤ដុល្លារ និងរដូវកាលទី២ ឆ្នាំ២០២៣ ទទួលបានថវិកា ៥៨០៤ដុល្លារពីសប្បុរសជន។
អ្នករៀបចំពានបាល់ទាត់នេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា៖«ថវិកា កើនឡើងច្រើនជាងរដូវកាលទី១ និងរដូវលកាលទី២ ដោយសារតែរដូវកាលនេះ យើងបានចុះទៅប្រកួតតាមខេត្តបានច្រើន។ យើងអាចបន្ដទៅបានច្រើនខេត្តទៀត ប៉ុន្ដែដោយសារបញ្ហាប្រទេសយើង កំពុងឈ្លានពានបែបនេះ។ ដូច្នេះ ហើយខ្ញុំ ក៏ប្រកាសឲ្យបញ្ចប់រដូវកាលទី៣ ត្រឹមនេះសិន។ ខ្ញុំនឹងគិតរកអ្វី ដែលប្លែកសម្រាប់រដូវកាលទី៤ ព្រោះពីមួយរដូវកាល ទៅមួយរដូវកាល យើងត្រូវការប្ដូរវិធី នៃការលេងរហូត។ យើង នឹងបន្ដធ្វើវាទៀតរហូត ឲ្យគ្រប់រដូវកាល។ ខ្ញុំ នឹងព្យាយាមធ្វើយ៉ាងមិញឲ្យបានចូលរួមច្រើន ពីមហាជន។ ជាពិសេសខ្ញុំចង់ឲ្យយុវជនចូលរួមជាមួយយើងដែរ។»។
